ភ្នំពេញ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦
ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានរៀបចំកម្មវិធីពិភាក្សាតុមូលផ្នែកពាណិជ្ជកម្មរវាងកាណាដា និងតំបន់មេគង្គ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅ Innovation Lab ក្នុងអគារ Connexion កោះពេជ្រ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា-អាស៊ាន (CABC) ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល Francophonie លើកទី ២០ ដោយមានការថ្លែងសុន្ទរកថាពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Anita Anand រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី (La Francophonie)។
ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC បានចូលរួមក្នុងកិច្ចពិភាក្សាតុមូលនេះ ដោយបានចែករំលែកទស្សនៈរបស់លោកស្រីអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ព្រមទាំងឱកាសនានាសម្រាប់ក្រុមហ៊ុនកាណាដានៅក្នុងតំបន់មេគង្គ។
ប្រែក្លាយទំនាក់ទំនងរវាងកាណាដា និងតំបន់មេគង្គ ទៅជាឱកាសធុរកិច្ច
ក្រោមប្រធានបទ «ការបើកឱកាសនៅក្នុងតំបន់មេគង្គ» និង «កាណាដាក្នុងនាមជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងនវានុវត្តន៍» កិច្ចពិភាក្សានេះបានផ្តោតលើអ្វីដែលក្រុមហ៊ុនកាណាដាត្រូវធ្វើ ដើម្បីចូលខ្លួនមកក្នុងតំបន់នេះ និងពង្រីកអាជីវកម្មរបស់ខ្លួន ដែលរួមមាន៖ ការស្វែងរកដៃគូក្នុងស្រុកដែលអាចទុកចិត្តបាន ការយល់ដឹងអំពីស្ថានភាពទីផ្សារ និងការកសាងទំនាក់ទំនងក្នុងតំបន់ឱ្យកាន់តែរឹងមាំ។
អ្នកចូលរួមបានពិភាក្សាអំពីគម្រោងសក្តានុពលនានាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល កសិ-ចំណីអាហារ (agri-food) ផលិតកម្ម និងបច្ចេកវិទ្យា ព្រមទាំងបានលើកឡើងអំពីបទពិសោធន៍របស់កាណាដាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។ ពួកគេក៏បានពិចារណាផងដែរថា តើការបញ្ចប់ការចរចាជាសំខាន់ៗសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាណាដា-អាស៊ាន (Canada-ASEAN Free Trade Agreement) អាចជួយពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងបង្កើតឱកាសថ្មីៗសម្រាប់ក្រុមហ៊ុននៃភាគីទាំងពីរបានយ៉ាងដូចម្តេច។

ក្រោមការសម្របសម្រួលដោយលោក Vincent Joli-Coeur ប្រធានផ្នែកអាស៊ីប៉ាស៊ីហ្វិកនៃធនាគារជាតិកាណាដា (National Bank of Canada) វេទិកានេះបានប្រមូលផ្តុំតំណាងមកពីក្រុមហ៊ុន OCIC, ធនាគារ ABA, ក្រុមហ៊ុន Manulife, Fasken និងក្រសួងពាណិជ្ជកម្មកម្ពុជា។ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន OCIC បានថ្លែងមតិក្នុងនាមជាអ្នកដឹកនាំធុរកិច្ចកម្ពុជាមួយរូប ដែលមានទំនាក់ទំនងយូរអង្វែងជាមួយប្រទេសកាណាដា។
ទំនាក់ទំនងរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) ជាមួយប្រទេសកាណាដា មានប្រវត្តិដើមទាក់ទងជាមួយនឹងស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល គឺលោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ដែលបានចាប់ផ្តើមអាជីវកម្មរបស់លោកនៅទីក្រុងម៉ុងរ៉េអាល់ (Montreal) មុនពេលវិលត្រឡប់មកកម្ពុជាវិញ និងបង្កើតក្រុមហ៊ុនមាស & ឥណទាន កាណាឌីយ៉ានៅឆ្នាំ ១៩៩១។ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន ក៏បានរស់នៅ សិក្សារៀនសូត្រ និងបម្រើការងារក្នុងវិស័យវេជ្ជសាស្ត្រនៅប្រទេសកាណាដាផងដែរ មុនពេលវិលត្រឡប់មកកម្ពុជាដើម្បីចូលរួមក្នុងអាជីវកម្មគ្រួសារ។

ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានមានប្រសាសន៍ថា៖ «ប្រទេសកាណាដាគឺជាផ្នែកមួយនៃប្រវត្តិរបស់យើង ប៉ុន្តែការពិភាក្សានេះគឺផ្តោតលើអ្វីដែលនឹងកើតឡើងបន្តទៀត។ ក្រុមហ៊ុនកាណាដាមានជំនាញ និងបទពិសោធន៍ដែលអាចជួយគាំទ្រដល់កំណើនរបស់កម្ពុជា ហើយ OCIC អាចជួយពួកគេឱ្យយល់កាន់តែច្បាស់អំពីទីផ្សារ ស្វែងរកដៃគូក្នុងស្រុកដែលសមស្រប និងអភិវឌ្ឍគម្រោងនានានៅទីនេះ»។
លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC ក៏បានណែនាំអំពីតួនាទីរបស់ «Connexion» ក្នុងនាមជាមជ្ឈមណ្ឌលធុរកិច្ច និងនវានុវត្តន៍ ដែលគាំទ្រដល់សហគ្រាសធុរកិច្ចថ្មី (startups) និងកិច្ចសហការផ្នែកធុរកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ CABC ដោយសហការជាមួយសភាពាណិជ្ជកម្មកាណាដានៅកម្ពុជា (Canadian Chamber of Commerce in Cambodia) ព្រមទាំងទទួលបានការគាំទ្រពី OCIC និងធនាគារ ABA ហើយកម្មវិធីបានបញ្ចប់ទៅដោយពិធីជួបជុំដើម្បីពង្រីកបណ្តាញទំនាក់ទំនង (networking reception)៕

Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0