ក្រុមហ៊ុន F&N Dairy Investments ដែលជាអាជីវកម្មបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fraser and Neave ហៅកាត់ថា F&N នៃក្រុមហ៊ុន ThaiBev របស់មហាសេដ្ឋីថៃ លោក Charoen Sirivadhanabhakdi នៃសម្ព័ន្ធសាជីវកម្មគ្រួសារ TCC Group បានចុះហត្ថលេខាទិញយកចំណែកភាគហ៊ុនចំនួន ៩៦លានហ៊ុន របស់ក្រុមហ៊ុនផលិតទឹកដោះគោធំបំផុតរបស់វៀតណាម Vinamilk ក្នុងតម្លៃជាង ៦ទ្រីលានដុង ឬស្មើប្រមាណ ២២៨លានដុល្លារអាមេរិក ពីក្រុមហ៊ុន Jardine Cycle & Carriage Ltd នៃសម្ព័ន្ធក្រុមហ៊ុនហុងហុង Jardine Matheson Group។ នេះបើតាមរបាយការណ៍ដែលក្រុមហ៊ុន Jardine Cycle & Carriage បានដាក់ទៅកាន់គណៈកម្មការមូលបត្រសិង្ហបុរី និងត្រូវបានផ្សាយដោយកាសែតវៀតណាម Tuoitre។
កិច្ចព្រមព្រៀងទិញភាគហ៊ុននេះ ក្រុមហ៊ុន F&N យល់ព្រមទិញភាគហ៊ុនរបស់ Vinamilk ពីក្រុមហ៊ុន Jardine ក្នុងតម្លៃ ៦២.៥៥៥ដុង ឬស្មើប្រហែល ២,៣៧ដុល្លារក្នុងមួយហ៊ុន ដែលជាអត្រាខ្ពស់ជាងតម្លៃភាគហ៊ុនជាក់ស្ដែងរបស់ Vinamilk ដែលត្រូវបានជួញដូរក្នុងផ្សារហ៊ុនទីក្រុងហូជីមិញ គិតត្រឹមថ្ងៃមានសេចក្ដីរាយការណ៍ព័ត៌មាននេះដំបូងកាលពីថ្ងៃចន្ទសប្ដាហ៍នេះ។
ចំណែកភាគហ៊ុន ៩១លានហ៊ុនរបស់ Vinamilk ខាងលើ មានចំណែកស្មើ ៤,៦% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនផលិតទឹកដោះគោដ៏ធំមួយនៅតំបន់អាស៊ាននេះ ហើយវានឹងធ្វើឲ្យក្រុមហ៊ុន F&N កើនកម្មសិទ្ធិដល់ ២៤,៩៩% ក្នុងក្រុមហ៊ុន Vinamilk ពោលកើនពី ២០,៣៩% នៃចំណែកហ៊ុនដែលមានស្រាប់។ ដោយឡែកភាគហ៊ុនរបស់ក្រុមហ៊ុន Jardine នៅក្នុងក្រុមហ៊ុន Vinamilk នឹងថយចុះពី ១០,៦២% មកនៅត្រឹម ៦,០២% ក្រោយពេលដំណើរការទិញលក់ត្រូវបានបញ្ចប់ ដោយត្រូវបានរំពឹងថាប្រតិបត្តិការផ្ទេរកម្មសិទ្ធិនឹងរួចរាល់ជាស្ថាពរក្នុងរយៈពេល ៣០ថ្ងៃបន្ទាប់។ ដោយឡែកការទូទាត់ប្រាក់ទាំងជិត ២៣០លានដុល្លារ សម្រាប់ចំណែកហ៊ុន ៤,៦% ខាងលើ នឹងត្រូវទូទាត់ដោយក្រុមហ៊ុន ThaiBev តាមរយៈអាជីវកម្មបុត្រសម្ព័ន្ធរបស់ខ្លួន F&N។
សូមជម្រាបថា ក្រុមហ៊ុន ThaiBev របស់មហាសេដ្ឋីថៃខាងលើ បានទិញយកក្រុមហ៊ុនសិង្ហបុរី F&N ក្នុងឆ្នាំ ២០១៣ ខណៈ F&N បានចាប់ដៃគូរកស៊ីជាមួយក្រុមហ៊ុនវៀតណាម Vinamilk តាំងពីឆ្នាំ ២០០៥ មក។ ក្រៅពីកំពុងគ្រប់គ្រងទីផ្សារទឹកដោះគោនៅវៀតណាម និងតំបន់អាស៊ានតាមរយៈក្រុមហ៊ុន F&N ក្រុមហ៊ុន ThaiBev នេះក៏ជាក្រុមហ៊ុនមេនៃក្រុមហ៊ុនផលិតស្រាបៀររបស់វៀតណាម SABECO ដែរ។
ដោយឡែកក្រុមហ៊ុន Jardine Metheson Group មានអាជីវកម្មលក់រាយល្បីមួយនៅកម្ពុជា គឺផ្សារទំនើប Lucky តាមរយៈបុត្រសម្ព័ន្ធឈ្មោះ DFI Retail Group។
ក្រុមហ៊ុន Vinamilk របស់វៀតណាម ក៏ជាម្ចាស់ទាំងស្រុងនៃរោងចក្រផលិតទឹកដោះគោខាប់ និងទឹកដោះគោស្រស់ដ៏ធំមួយនៅកម្ពុជាដែរ គឺក្រុមហ៊ុន Angkor Diary Products ឬ ត្រូវបានគេស្គាល់ជាទូទៅក្រោមឈ្មោះ AngkorMilk ដែលផលិតផលិតផលទឹកដោះគោមួយចំនួន។
បន្ទាប់ពីមានប្រតិបត្តិការទិញលក់ភាគហ៊ុនខាងលើ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Vinamilk ជាចំណែកកម្មសិទ្ធិជាភាគរយ នឹងមានដូចខាងក្រោម៖
- SCIC (ក្រុមហ៊ុនបណ្ដាក់ទុនរបស់រដ្ឋវៀតណាម)៖ ៣៦%
- Fraser and Neave (F&N)៖ ២៤,៩៩% (កើនពី ២០,៣៩%)
- Jardine Cycle & Carriage៖ ៦,០២% (ថយពី ១០,៦២)
- ភាគហ៊ុន ៣២,៩៩% ទៀត កាប់ដាប់ដោយអ្នកវិនិយោគជាតិ និងអន្តរជាតិ រួមទាំងអ្នកជួញដូរភាគហ៊ុនរបស់ Vinamilk ក្នុងផ្សារហ៊ុនទីក្រុងហូជីមិញ៕
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0