ក្រុមហ៊ុនវៀតណាម Bluetronics បង្ហាញតួលេខខាតបង់នៅកម្ពុជាចំនួនជាង ២៦លានដុល្លារ ប៉ុន្តែបង្ហាញទិន្នន័យកំពុងជោគជ័យខ្លាំងនៅឥណ្ឌូនេស៊ី

August 31, 2026
1Min Read
77 Views

ក្រុមហ៊ុនលក់រាយសម្ភារៈអេឡិចត្រូនិកខ្នាតយក្សរបស់វៀតណាម Mobile World Investment Corporation (MWG) ឬប្រតិបត្តិករហាងអេឡិចត្រូនិក Dien May Xanh ប្រកាសថា ខ្លួនទើបបានទទួល សេចក្តីសម្រេចលេខ ៤៦៨ ចុះថ្ងៃទី១៧ ខែសីហា ពីនាយកដ្ឋានវិនិយោគបរទេស នៃប្រទេសវៀតណាម ស្តីពីការបញ្ចប់សុពលភាពនៃវិញ្ញាបនបត្រវិនិយោគបរទេស សម្រាប់ក្រុមហ៊ុន MWG (Cambodia) Co., Ltd. នៅកម្ពុជា។
ជាមួយការប្រកាសនេះ ក្រុមហ៊ុនខាងលើក៏បានបង្ហាញទិន្នន័យខាតបង់ប្រាក់ចំនួនជាង ៧០០ពាន់លានដុង (២៦,៨លានដុល្លារអាមេរិក) អំឡុងពេលប្រតិបត្តិការនៅកម្ពុជារយៈពេល ៧ឆ្នាំផងដែរ។

គួររំលឹកថា ក្រុមហ៊ុន MWG បានចូលទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១៧ ដោយចុះបញ្ជីក្រុមហ៊ុនឈ្មោះ MWG (Cambodia) Co., Ltd.។ ក្នុងឆ្នាំដំបូង ក្រុមហ៊ុនខាងលើបានបើកសាខាទីមួយនៅភ្នំពេញ ក្រោមយីហោ BigPhone បន្ទាប់មកប្ដូរឈ្មោះទៅជា Bluetronics វិញ និងពង្រីកសាខាបានដល់ ៥៥សាខា នៅទូទាំងប្រទេសកម្ពុជា ត្រឹមពាក់កណ្ដាលឆ្នាំ ២០២១។

ប៉ុន្មានឆ្នាំដំបូង ក្រុមហ៊ុនវៀតណាមនេះបានរំពឹងខ្ពស់ចំពោះជំហានពង្រីកខ្លួនក្នុងទីផ្សារអន្តរជាតិ ចាប់ផ្ដើមពីទីផ្សារប្រទេសជិតខាងរបស់ខ្លួន ប៉ុន្តែលទ្ធផលពិត គឺខុសពីការរំពឹងទុក។ Bluetronics បានខាតបង់ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំទីមួយមក រហូតដល់ប្រកាសបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនៅកម្ពុជាក្នុងខែកុម្ភៈឆ្នាំ២០២៣ និងអនុវត្តនិតិវិធីបិទក្រុមហ៊ុនតាមច្បាប់កម្ពុជាចប់រួចរាល់ក្នុងខែមករា ឆ្នាំ ២០២៥។

Bluetronics Cam.pngតាមរបាយការណ៍ដែលត្រូវបានបង្ហាញ ក្នុងឆ្នាំ ២០២២ តែមួយឆ្នាំ សាខាក្រុមហ៊ុនខាងលើនៅកម្ពុជា បានខាតចំនួន ៣៣០ពាន់លានដុង (១២,៦៦លានដុល្លារ)។ ហើយបើរាប់ពីឆ្នាំ ២០១៧ ដល់ចុងឆ្នាំ ២០២៣ ការខាតបង់បង្គររបស់ MWG បានកើនលើស ៧០០ពាន់លានដុង (២៦,៨លានដុល្លារ) នៅកម្ពុជា។

ក្រុមហ៊ុនវៀតណាមដដែល បានកំណត់មូលហេតុចម្បងចំពោះភាពបរាជ័យរបស់ខ្លួននៅកម្ពុជា ថាមកពីទីផ្សារមានទំហំតូច។ ប៉ុន្តែរឿងដែលគួរឱ្យចាប់អារម្មណ៍ គឺបន្ទាប់ពីចាកចេញពីកម្ពុជា ក្រុមហ៊ុន MWG មិនបានបោះបង់គម្រោងពង្រីកទៅក្រៅប្រទេសរបស់ខ្លួនទេ។ ពួកគេបានចូលទីផ្សារឥណ្ឌូនេស៊ីម្ដង ជាមួយយុទ្ធសាស្រ្តថ្មី។ 

1595erablue-0750-1781161786801-17811617871781642828729.jpegជំនួសឱ្យការវិនិយោគដោយខ្លួនឯងដូចបទពិសោធន៍នៅកម្ពុជា ក្រុមហ៊ុន MWG បានបង្កើតអាជីវកម្មរួមគ្នា (Joint Venture) ជាមួយក្រុមហ៊ុនក្នុងស្រុកឥណ្ឌូនេស៊ី PT Erajaya ដែលជាក្រុមហ៊ុនលក់រាយគ្រឿងអេឡិចត្រូនិកធំមួយនៅប្រទេសក្នុងតំបន់អាស៊ានខាងលើ។ ពួកគេបានបង្កើតម៉ាកហាងថ្មីមួយឈ្មោះ EraBlue និងដំណើរការហាងសាខាទីមួយ ក្នុងឆ្នាំ ២០២២ នៅទីក្រុងហ្សាការតា។

បន្ទាប់ពីសាកល្បង និងកែលម្អម៉ូឌែលអាជីវកម្ម ក្រុមហ៊ុននេះបានឈានដល់ចំណុចរួចដើម (Break-even) នៅឆ្នាំ ២០២៤។ ហើយចាប់ពីឆ្នាំ ២០២៥ មក EraBlue បានចាប់ផ្តើមពង្រីកទីផ្សារយ៉ាងលឿននៅប្រទេសឥណ្ឌូនេស៊ី។

ត្រឹមចុងឆ្នាំ ២០២៥ ពួកគេមានហាងចំនួន ១៨១សាខា សម្រេចបានប្រាក់ចំណូលប្រមាណ ៣.៧០០ពាន់លានដុង(១៤២លានដុល្លារ) និងចំណេញសុទ្ធប្រមាណ ៥៤ពាន់លានដុង (២,៩៧លានដុល្លារ)។ ដោយឡែកក្នុងឆមាសទីមួយ ឆ្នាំ២០២៦ នេះ EraBlue បន្តរកប្រាក់ចំណេញកើនដល់ជាង ៤០ពាន់លានដុង(១,៥៣លានដុល្លារ) ស្មើកំណើន ១៥៤% ក្នុងរយៈពេលត្រឹមតែ ៣ខែដំបូងនៃឆ្នាំ ២០២៦។

ត្រឹមខែកក្កដា ឆ្នាំ២០២៦ ដដែល EraBlue បានកើនសាខាដល់ ២៨៣សាខា ខណៈពួកគេដាក់គោលដៅពង្រីកឲ្យបាន ៥០០សាខានៅឆ្នាំ ២០២៧ និង ១០០០សាខា នៅឆ្នាំ ២០៣០ ព្រមទាំងមានផែនការចូលផ្សារហ៊ុនឥណ្ឌូនេស៊ីផងដែរ។

ដំណើររឿងបរាជ័យរបស់ក្រុមហ៊ុនវៀតណាម MWG តាមរយៈការដំណើរការហាង Bluetronics នៅកម្ពុជា ប៉ុន្តែបែរជាកំពុងជោគជ័យតាមរយៈ EraBlue នៅឥណ្ឌូនេស៊ី អាចបង្រៀនពួកយើងថា ការពង្រីកចេញទៅទីផ្សារបរទេស មិនមែនមានន័យថា អាជីវកម្មនឹងជោគជ័យដោយស្វ័យប្រវត្តិនោះទេ។ ទីផ្សារកម្ពុជា និងឥណ្ឌូនេស៊ី មានទំហំ និងលក្ខខណ្ឌខុសគ្នា។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺ ក្រុមហ៊ុនខាងលើមិនបានបោះបង់មហិច្ចតាពង្រីកទីផ្សារអន្តរជាតិរបស់ខ្លួនទេ ក៏ប៉ុន្តែពួកគេបានប្តូរទីផ្សារ និងប្តូររបៀបលេង។ ការបរាជ័យក្នុងទីផ្សារមួយ មិនមានន័យថា ម៉ូឌែលអាជីវកម្មនោះត្រូវបរាជ័យជារៀងរហូតទេ។ ពេលខ្លះ អ្វីដែលត្រូវផ្លាស់ប្តូរ គឺទីផ្សារ ដៃគូ និងយុទ្ធសាស្ត្រ៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider