យូនីសេហ្វ និងក្រុមហ៊ុនអូស៊ីអាយស៊ី ចាប់ដៃគូគ្នាវិនិយោគលើអនាគតរបស់កុមារ និងយុវជនកម្ពុជា

August 24, 2026
1Min Read
42 Views

PR

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ – ថ្ងៃនេះ យូនីសេហ្វ និងក្រុមហ៊ុនអូស៊ីអាយស៊ីគ្រុប (OCIC Group) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារ និងយុវជននៅប្រទេសកម្ពុជា។ ភាពជាដៃគូរយៈពេលច្រើនឆ្នាំនេះ ដែលជាកិច្ចសហការលើកដំបូងបង្អស់រវាងយូនីសេហ្វប្រចាំកម្ពុជា ជាមួយក្រុមហ៊ុនអាជីវកម្មចម្រុះដ៏ធំមួយ មានគោលបំណងទាញយកសក្តានុពល និងចំណុចខ្លាំងរបស់ស្ថាប័នទាំងពីរ ដើម្បីបង្កើតឱ្យមានផលវិជ្ជមាន និងប្រកបដោយចីរភាពសម្រាប់កុមារ គ្រួសារ និងសហគមន៍។

 

Carolyne_Pung_Maha_Damaj_OCIC_x_UNICEF_Generation_Future.jpg

 

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយដោយឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និង លោកស្រី ដាម៉ាច ម៉ាហា​ នាយិកាយូនីសេហ្វប្រចាំកម្ពុជា ដែលជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ពិធីចុះហត្ថលេខានេះក៏មាន លោក ទា ធារី អនុប្រធានក្រុមហ៊ុន OCIC និង លោកស្រី Moiltmaa Sarantuya អ្នកឯកទេសផ្នែកដៃគូសហប្រតិបត្តិការនៃយូនីសេហ្វប្រចាំកម្ពុជា អញ្ជើញចូលរួមជាសក្ខីភាពក្នុងពិធីនេះផងដែរ។

 

Oknha_Dr_Carolyne_Pung_OCIC_UNICEF_Speech.jpg

 

លោកស្រី ដាម៉ាច ម៉ាហា​ នាយិកាយូនីសេហ្វប្រចាំកម្ពជា បានមានប្រសាសន៍ថា៖ «រាល់ពេលដែលខ្ញុំបានជួបយុវជននៅកម្ពុជា ខ្ញុំតែងតែចាប់អារម្មណ៍ខ្លាំងចំពោះមហិច្ឆតា ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការកសាងអនាគតដ៏ប្រសើរសម្រាប់ខ្លួនឯង និងសហគមន៍របស់ពួកគេ។ អ្វីដែលពួកគេត្រូវការ គឺឱកាសដើម្បីប្រែក្លាយសក្តានុពលទាំងនោះឱ្យទៅជាការពិត។ នោះហើយជាមូលហេតុដែលខ្ញុំមានសេចក្តីរំភើបយ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយក្រុមហ៊ុន OCIC នាពេលនេះ។ តាមរយៈការរួមបញ្ចូលគ្នារវាងភាពជាអ្នកដឹកនាំក្នុងវិស័យធុរកិច្ច និងឯកទេសរបស់យូនីសេហ្វ យើងអាចជួយបំពាក់បំប៉នយុវជននូវជំនាញ ការគាំទ្រ និងឱកាសដែលពួកគេត្រូវការ ដើម្បីឱ្យពួកគេអាចរីកចម្រើនប្រកបដោយជោគជ័យក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ព្រមទាំងជំរុញការអនុវត្តធុរកិច្ចដែលគោរព និងគាំទ្រដល់សិទ្ធិកុមារផងដែរ»

 

ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលផ្លែផ្កាសំខាន់ៗក្នុងការលើកកម្ពស់សិទ្ធិកុមារ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កុមារ និងយុវជនជាច្រើននៅតែបន្តប្រឈមមុខនឹងឧបសគ្គក្នុងការទទួលបានការអប់រំមានគុណភាព សេវាថែទាំសុខភាព ការគាំពារ និងឱកាសប្រកបដោយសមធម៌ក្នុងការអភិវឌ្ឍសមត្ថភាព និងការចូលរួមក្នុងសហគមន៍របស់ពួកគេ។

 

ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះបានផ្តល់ឱ្យយើងនូវក្របខណ្ឌការងារយ៉ាងច្បាស់លាស់ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តឱ្យទៅជាសកម្មភាពជាក់ស្តែង ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ការណែនាំតម្រង់ទិស និងឱកាសកម្មសិក្សា និងការបង្កើតគោលនយោបាយកន្លែងធ្វើការដែលអំណោយផលដល់បុគ្គលិកមានគ្រួសារនៅរាល់ប្រតិបត្តិការអាជីវកម្ម និងធុរកិច្ចរបស់យើង។ បន្ថែមពីនេះ វាក៏បើកផ្លូវសម្រាប់ការគាំទ្រដល់គំនិតផ្តួចផ្តើមដែលផ្តោតលើកុមារ និងការប្រែប្រួលអាកាសធាតុផងដែរ។ តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយយូនីសេហ្វ យើងអាចពង្រីកវិសាលភាពនៃការជួយជ្រោមជ្រែង ចែករំលែកធនធាន និងជំនាញបច្ចេកទេស ដើម្បីបង្កើតផលជះជាវិជ្ជមានប្រកបដោយចីរភាពសម្រាប់កុមារ និងយុវជននៅទូទាំងប្រទេសកម្ពុជា»

 

តាមរយៈអនុស្សរណៈនេះ យូនីសេហ្វ និងក្រុមហ៊ុន OCIC នឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សិទ្ធិកុមារក្នុងវិស័យធុរកិច្ច និងសហគមន៍ទាំងមូល គាំទ្រការទទួលបានសេវាសង្គមមានគុណភាព និងស្វែងរកគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗដើម្បីជួយឱ្យកុមារ និងយុវជនអភិវឌ្ឍសមត្ថភាពបានពេញលេញ ជាពិសេសក្រុមដែលងាយរងគ្រោះបំផុត ដើម្បីធានាថាការអភិវឌ្ឍផ្ដល់ផលប្រយោជន៍ដល់កុមារ និងគ្រួសារទាំងអស់ដោយឥតរើសអើង។ កិច្ចព្រមព្រៀងនេះក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចំពោះតម្លៃស្នូលនៃ «សិទ្ធិកុមារ និងគោលការណ៍ធុរកិច្ច» ដែលជាក្របខ័ណ្ឌណែនាំរបស់យូនីសេហ្វសម្រាប់វិស័យឯកជន ក្នុងការស្វែងយល់ និងដោះស្រាយផលប៉ះពាល់នៃសកម្មភាពអាជីវកម្មមកលើសិទ្ធិ និងសុខុមាលភាពរបស់កុមារ។

 

កិច្ចសហប្រតិបត្តិការនេះនឹងផ្តោតលើវិស័យអាទិភាពសំខាន់ៗមួយចំនួន រួមមាន៖​ការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ​ គំនិតផ្តួចផ្តើមដែលគាំទ្រដល់ការអប់រំ និងការចូលរួមរបស់យុវជន ការលើកកម្ពស់គោលនយោបាយកន្លែងធ្វើការដែលគិតគូរដល់គ្រួសារ និងផលិតផលសេវាកម្មដែលគិតគូរដល់កុមារ ការលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមបន្ថែមទៀតក្នុងការបង្កើតសេវាកម្ម និងការអភិវឌ្ឍដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសម្រាប់កុមារ។ បន្ថែមពីនេះ ស្ថាប័នទាំងពីរនឹងស្វែងរកឱកាសដើម្បីពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការរៀបចំផ្លូវអនាគតសម្រាប់យុវជន ដោយបំពាក់បំប៉នពួកគេនូវជំនាញសម្រាប់សតវត្សរ៍ទី២១ ឆ្លើយតបនឹងពិភពការងារនាពេលអនាគត។

 

Carolyne_Pung_Maha_Damaj_OCIC_x_UNICEF_Partnership.jpg

 

លោក ទា ធារី អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបយ៉ាងខ្លាំងក្នុងការបន្តកសាងកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយកម្មវិធី «ជំនាន់ថ្មី» (Generation Future) របស់យូនីសេហ្វ ដើម្បីរួមចំណែកបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនកម្ពុជា។ កាលពីឆ្នាំមុន ខ្ញុំមានឱកាសបានធ្វើជាអ្នកណែនាំដល់ក្រុមសិស្ស-និស្សិតវ័យក្មេងក្នុងកម្មវិធីនេះអស់រយៈពេលជាច្រើនខែ។ ជាមួយគ្នានេះ ក្រុមការងាររបស់យើងក៏បានគាំទ្រដល់យូនីសេហ្វ តាមរយៈការផ្ដល់ទីតាំងរៀបចំកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត (Hackathon) នៅឯមជ្ឈមណ្ឌល Connexion Hub នៅកោះពេជ្រ។ ខ្ញុំបានឃើញដោយផ្ទាល់នូវគំនិតច្នៃប្រឌិត មហិច្ឆតា និងសក្តានុពលដ៏សម្បូរបែបរបស់យុវជនគ្រប់រូប ហើយខ្ញុំជឿកាន់តែច្បាស់ថា ពួកគេពិតជាអាចសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ ប្រសិនបើទទួលបាននូវក្របខណ្ឌសមស្រប ការគាំទ្រត្រឹមត្រូវ និងវេទិកាស័ក្តិសម។ ខ្ញុំនឹងបន្តធ្វើការងារនេះ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងយើងឱ្យកាន់តែរឹងមាំថែមទៀតតាមរយៈភាពជាដៃគូថ្មីនេះ»

 

ជាផ្នែកមួយនៃភាពជាដៃគូនេះ យូនីសេហ្វនឹងផ្តល់នូវជំនាញបច្ចេកទេស ទិន្នន័យ និងការស្រាវជ្រាវ ព្រមទាំងឧបករណ៍គាំទ្រនានា ដើម្បីជួយបញ្ចូលគោលការណ៍សិទ្ធិកុមារទៅក្នុងគោលនយោបាយ និងការអនុវត្តជាក់ស្តែងរបស់ក្រុមហ៊ុន។ ដោយឡែក ក្រុមហ៊ុន OCIC នឹងចូលរួមផ្សព្វផ្សាយសិទ្ធិកុមារតាមរយៈបណ្តាញធុរកិច្ចរបស់ខ្លួន ព្រមទាំងជំរុញការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវនៅទូទាំងប្រតិបត្តិការរបស់ខ្លួនផងដែរ។

 

អំពីយូនីសេហ្វ  

យូនីសេហ្វ​ធ្វើការ​នៅតាមតំបន់លំបាកបំផុត​មួយចំនួន​នៅក្នុងពិភពលោកដើម្បីគាំទ្រដល់កុមារដែលស្ថិតក្នុងស្ថានភាពលំបាក និងមានហានិភ័យខ្លាំងជាងគេ។ នៅក្នុងប្រទេស និងដែនដីចំនួនជាង ១៩០ យើងធ្វើការងារ​ដើម្បីកុមារគ្រប់រូប គ្រប់ទីកន្លែង ដើម្បី​កសាងពិភពលោក​មួយ​ប្រសើរជាងមុនសម្រាប់មនុស្ស​គ្រប់រូប។

អំពីក្រុមហ៊ុន OCIC 

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ឈានមុខគេមួយនៅកម្ពុជា ដែលមានវិសាលភាពវិនិយោគលើពហុវិស័យ រួមមាន៖ អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងវិស្វកម្ម ការអប់រំ កសិកម្ម ការចែកចាយ និងសេវាសុខាភិបាល។ ចាប់តាំងពីត្រូវបានបង្កើតឡើងមក ក្រុមហ៊ុន OCIC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកយ៉ាងសកម្មដល់ការធ្វើទំនើបកម្មនៃប្រទេសកម្ពុជា។ គេហទំព័រ៖ http://www.ocic.com.kh

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider