ឯកឧត្តមប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កោតសរសើរដល់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប នៅក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech)

November 19, 2026
1Min Read
44 Views

ភ្នំពេញ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦

នៅក្នុងថ្ងៃទីពីរនៃព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech) ឯកឧត្តមប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជួបជាមួយឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន (Carolyne Pung) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) និងលោក Thierry Tea សហប្រធាននៃស្ថាប័ន «La French Tech Phnom Penh» ដែលជាសហស្ថាបនិកទាំងពីរនៃ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ (Canadia Impact Fund)។ ពួកគេបានពិភាក្សាអំពីការវិនិយោគលើកដំបូងរបស់ Canadia Impact Fund (CIFC) នៅក្នុងក្រុមហ៊ុនធុរកិច្ចថ្មី (start-up) របស់បារាំង «Choose and Connect» ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ Canadia Group ក្នុងការតភ្ជាប់សហគ្រិនបារាំង និងកម្ពុជា។

បន្ទាប់ពីជំនួបលើកដំបូងរវាងឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន និងប្រធានាធិបតី Macron នៅក្នុងព្រឹត្តិការណ៍ «Choose France 2026» ប្រធានាធិបតីបានកោតសរសើរចំពោះការវិនិយោគរបស់ CIFC នៅក្នុងក្រុមហ៊ុនអាជីវកម្មថ្មីរបស់បារាំងនេះ។ លោកបានមានប្រសាសន៍ទៅកាន់ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន ថា៖ «ខ្ញុំពិតជារីករាយណាស់ដែលអ្នកបានធ្វើការវិនិយោគនេះ»។ ការសន្ទនានេះបានបង្ហាញឱ្យឃើញពីភាពជាដៃគូជាក់ស្តែងមួយ ដែលត្រូវបានបង្កើតឡើងតាមរយៈព្រឹត្តិការណ៍ FrancoTech។ លើសពីនេះ ប្រធានាធិបតី Macron ក៏បានលើកទឹកចិត្តដល់ការវិនិយោគរបស់ Canadia Group ក្នុងវិស័យអប់រំ រួមទាំងការបង្កើតសាកលវិទ្យាល័យហ្រ្វង់កូហ្វូននៅអាស៊ី (Université Francophone d’Asie) ដែលអ្នកស្រី Éléonore Caroit បានចូលរួមក្នុងពិធីសម្ពោធកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា។​

Selfie_Canadia_Group_French_Tech.jpg

កិច្ចពិភាក្សាដែលផ្តួចផ្តើមឡើងដោយអ្នកស្រី Julie Huguet នាយិកានៃ Mission French Tech បានប្រព្រឹត្តទៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ FrancoTech ដោយមានវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Tô Lâm ប្រធានរដ្ឋវៀតណាម។ នៅក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពីអ្នកស្រី Clara Chappaz រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកបញ្ញាសិប្បនិម្មិត និងកិច្ចការឌីជីថលរបស់បារាំង, លោកស្រី Éléonore Caroit រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកហ្រ្វង់កូហ្វូនី (Francophonie) ភាពជាដៃគូអន្តរជាតិ និងពលរដ្ឋបារាំងនៅក្រៅប្រទេស និងអ្នកស្រី Julie Huguet នាយិកាស្ថាប័ន «Mission French Tech»។ លោកស្រី Julie Huguet បានកោតសរសើរចំពោះការគាំទ្រដែល Canadia Group និងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានផ្តល់ជូនដល់ «La French Tech Phnom Penh» ក៏ដូចជាប្រព័ន្ធអេកូឡូស៊ីនៃការច្នៃប្រឌិតថ្មីនៅកម្ពុជា។

ការទទួលស្គាល់សហគ្រិនភាពក្នុងសហគមន៍ហ្រ្វង់កូហ្វូន (Francophone)

ក្រុមហ៊ុន Choose and Connect ដែលត្រូវបានបង្កើតឡើងដោយលោកស្រី Hélène Diep សហគ្រិនជនជាតិបារាំងដែលមានដើមកំណើតជាជនជាតិខ្មែរ គឺជាក្រុមហ៊ុនធុរកិច្ចថ្មីក្នុងវិស័យបច្ចេកវិទ្យាអប់រំ (EdTech) និងជាសមាជិកនៃ La French Tech។ ក្រុមហ៊ុននេះជួយដល់យុវជនក្នុងការស្វែងរកឱកាសផ្នែកអប់រំ និងអាជីពការងារ។

ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានមានប្រសាសន៍ថា៖ «ចាប់តាំងពីព្រឹត្តិការណ៍ Choose France កាលពីដើមឆ្នាំនេះ រហូតដល់ការវិនិយោគរបស់យើងទៅលើ Choose and Connect យើងបានផ្លាស់ប្តូរពីដំណាក់កាលនៃការពិភាក្សា ទៅជាភាពជាដៃគូជាក់ស្តែងមួយ។ វិស័យអប់រំគឺជាវិស័យដ៏សំខាន់មួយសម្រាប់យើង ហើយនៅពេលដែលយើងបានឃើញពីសក្តានុពលនៃវេទិកានេះ ក្នុងការជួយគាំទ្រដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា យើងក៏បានសម្រេចចិត្តធ្វើការវិនិយោគ។»

Canadia_Group_Emmanuel_Macron.jpg

ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Canadia Group បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយក្រុមហ៊ុន និងស្ថាប័ននានាមកពីប្រទេសបារាំង រួមមានក្រុមហ៊ុន VINCI និងក្រុមហ៊ុន Lagardère Travel Retail ជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកជនជាតិបារាំងប្រមាណ ៥០ នាក់ ដែលក្នុងនោះរួមមានអ្នកស្ម័គ្រចិត្តម្នាក់មកពីអង្គការ «France Volontaires» ផងដែរ។

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីនវានុវត្តន៍ (Innovation Roundtable Panel) ក្នុងព្រឹត្តិការណ៍ FrancoTech 2026 អ្នកជំនាញផ្នែកបច្ចេកវិទ្យាបានលើកឡើងថា កម្ពុជាចាំបាច់ត្រូវបង្កើនសមត្ថភាព ពង្រីកលទ្ធភាពទទួលបានបច្ចេកវិទ្យា និងបង្កើតទំនាក់ទំនងជាមួយបណ្តាញអន្តរជាតិ។ នេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលសំខាន់ៗ ដែលជំរុញឱ្យយើងចាប់ផ្តើមវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ (Startups) របស់ប្រទេសបារាំង។»

Hun_Manet_To_Lam_Emmanuel_Macron.jpg

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider