ភ្នំពេញ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ — កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ឬក៏ «Canadia Impact Fund Co.» (CIFC) ដែលជាស្ថាប័នមួយក្នុងចំណោមស្ថាប័នគ្រប់គ្រងក្រុមហ៊ុនធុរកិច្ចថ្មីសកម្មច្រើនជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយក្រុមហ៊ុនធុរកិច្ចថ្មី (startups) ចំនួនពីរ គឺក្រុមហ៊ុន DOCONCHAIN ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងក្រុមហ៊ុន Choose and Connect ដែលមានមូលដ្ឋាននៅប្រទេសបារាំង ដើម្បីគាំទ្រដល់ការពង្រីកប្រតិបត្តិការរបស់ពួកគេក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបើកឱកាសឱ្យក្រុមហ៊ុនទាំងនេះស្វែងរកសក្ដានុពលអាជីវកម្មនៅប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងទាំងពីរនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៤ ខែវិច្ឆិកា ក្នុងព្រឹត្តិការណ៍ ហ្វ្រង់កូតិច (FrancoTech) ដែលរៀបចំឡើងនៅកោះពេជ្រ អមជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី ២០។ ពិធីចុះហត្ថលេខានេះមានការចូលរួមពី ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន ប្រធានក្រុមប្រឹក្សាភិបាលនៃ Canadia Impact Fund រួមជាមួយលោក Olivier Bariou ជានាយកប្រតិបត្តិនៃ DOCONCHAIN លោកស្រី Hélène Diep ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Choose and Connect ព្រមទាំងមានវត្តមានរបស់លោកស្រី Julie Huguet នាយិកានៃស្ថាប័ន Mission French Tech ផងដែរ។


ការពង្រឹងប្រតិបត្តិការឌីជីថលប្រកបដោយសុវត្ថិភាពជាមួយ DOCONCHAIN
ក្រុមហ៊ុន DOCONCHAIN ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងកំពុងប្រតិបត្តិការនៅប្រទេសហ្វីលីពីន ផ្តល់សេវាកម្មដល់ធុរកិច្ច និងស្ថាប័នសាធារណៈ ក្នុងការចុះហត្ថលេខា ធ្វើសាក្សីបញ្ជាក់ឯកសារ (notarization) ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងបញ្ជាក់សុពលភាពឯកសារឌីជីថល។ ដំណើរការលើបណ្តាញប្លុកឆេនឯកជន (private blockchain) បច្ចេកវិទ្យារបស់ខ្លួនកត់ត្រារាល់សកម្មភាពទាំងអស់ ហើយអាចប្រើប្រាស់បានតាមរយៈវេទិកាផ្ទាល់របស់ DOCONCHAIN ឬអាចដាក់បញ្ចូលទៅក្នុងប្រព័ន្ធអាជីវកម្ម និងប្រព័ន្ធរដ្ឋាភិបាលដែលមានស្រាប់។
នៅប្រទេសហ្វីលីពីន ប្រព័ន្ធនេះគាំទ្រដល់ប្រព័ន្ធផ្តល់លិខិតអនុញ្ញាតអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ទីក្រុង San Juan ដែលបានដាក់ឱ្យដំណើរការក្នុងខែមករា ឆ្នាំ ២០២៦ ព្រមទាំងបានសហការជាមួយក្រុមហ៊ុន Sprout Solutions ដែលជាអ្នកផ្តល់បច្ចេកវិទ្យាផ្នែកធនធានមនុស្ស (HR) និងមានអតិថិជនជាក្រុមហ៊ុនជាង ២ ០០០ និងអ្នកប្រើប្រាស់សកម្មចំនួន ១៨០ ០០០ នាក់ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦។ ការវិនិយោគរបស់ CIFC នឹងជួយគាំទ្រដល់ការពង្រីកខ្លួនរបស់ DOCONCHAIN នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបើកឱកាសឱ្យក្រុមហ៊ុននេះស្វែងរកលទ្ធភាពអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

លោក Olivier Bariou ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃ DOCONCHAIN បានមានប្រសាសន៍ថា៖ «យើងបានឃើញថា អាជីវកម្ម និងស្ថាប័នសាធារណៈនានាត្រូវចំណាយពេលវេលាច្រើនប៉ុណ្ណាទៅលើការគ្រប់គ្រងឯកសារ។ យើងចង់ស្វែងយល់ថាតើបច្ចេកវិទ្យារបស់យើងអាចផ្តល់ប្រយោជន៍អ្វីខ្លះនៅក្នុងប្រទេសកម្ពុជា និងមើលថាតើយើងអាចបង្កើតអ្វីខ្លះរួមគ្នាជាមួយដៃគូក្នុងស្រុក»។
ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន ប្រធានក្រុមប្រឹក្សាភិបាលនៃ Canadia Impact Fund (CIFC) បានមានប្រសាសន៍ថា៖ «អ្វីដែលធ្វើឱ្យយើងចាប់អារម្មណ៍លើ DOCONCHAIN នោះគឺបច្ចេកវិទ្យារបស់ខ្លួនត្រូវបានគេប្រើប្រាស់រួចហើយ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង។ យើងជឿជាក់ថា ដំណោះស្រាយប្រភេទនេះមានលទ្ធភាពសម្រាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅពេលដែលអាជីវកម្ម និងសេវាសាធារណៈកាន់តែច្រើនកំពុងផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល»។
ការផ្សារភ្ជាប់វិស័យអប់រំទៅនឹងឱកាសការងារជាមួយ Choose and Connect
កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Choose and Connect គឺជាការវិនិយោគលើកដំបូងរបស់ CIFC នៅក្នុងក្រុមហ៊ុនធុរកិច្ចថ្មីរបស់ប្រទេសបារាំង។ ត្រូវបានដាក់ឱ្យដំណើរការនៅប្រទេសបារាំងក្នុងឆ្នាំ ២០២៦ Choose and Connect គឺជាវេទិកាផ្តល់ការណែនាំអំពីការអប់រំ និងអាជីពការងារដោយឥតគិតថ្លៃ សម្រាប់យុវជនដែលមានអាយុពី ១៤ ទៅ ២៥ ឆ្នាំ ដោយប្រមូលផ្តុំព័ត៌មានអំពីអាជីពការងារ ជម្រើសនៃការសិក្សា និងកម្មសិក្សាការងារ ដើម្បីជួយសិស្សានុសិស្សឱ្យយល់ដឹងថា ការសិក្សារបស់ពួកគេមានទំនាក់ទំនងយ៉ាងណាចំពោះការងារនាពេលអនាគត។

វេទិកានេះត្រូវបានបង្កើតឡើងដោយលោកស្រី Hélène Diep ដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មពីសាលា EPITA និងជាជនជាតិបារាំងដែលមានដើមកំណើតខ្មែរ។ បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកស្រីក្នុងការជ្រើសរើសជំនាញសិក្សា បានជំរុញឱ្យអ្នកស្រីបង្កើតវេទិកានេះឡើង ដើម្បីធ្វើឱ្យការស្វែងរកព័ត៌មានអំពីការអប់រំ និងអាជីពការងារកាន់តែងាយស្រួល។ តាមរយៈការវិនិយោគនេះ ក្រុមហ៊ុន Choose and Connect នឹងពង្រីកប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយឱ្យសិស្ស-និស្សិតកម្ពុជាអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងច្បាស់លាស់អំពីការសិក្សា និងអាជីពរបស់ពួកគេ ព្រមទាំងជួយណែនាំនិស្សិតបារាំងបញ្ចប់ការសិក្សាថ្មីៗ ឱ្យស្គាល់ពីឱកាសការងារនានានៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកស្រី Hélène Diep បានមានប្រសាសន៍ថា៖ «ការជ្រើសរើសជំនាញសិក្សា គឺជាការសម្រេចចិត្តដ៏សំខាន់មួយ ប៉ុន្តែយុវជនជាច្រើននៅមិនទាន់មានការយល់ដឹងច្បាស់លាស់អំពីឱកាសការងារដែលមានសម្រាប់ពួកគេនៅឡើយទេ។ គោលដៅរបស់យើងគឺជួយសិស្សានុសិស្សក្នុងការសម្រេចចិត្ត ដោយផ្អែកលើចំណាប់អារម្មណ៍ សមត្ថភាព និងឱកាសនាពេលអនាគតរបស់ពួកគេ ទាំងនៅក្នុងប្រទេសបារាំង និងប្រទេសកម្ពុជា»។
ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានមានប្រសាសន៍បន្ថែមថា៖ «សម្រាប់យុវជន ការទទួលបានព័ត៌មានត្រឹមត្រូវ និងសមស្រប អាចជួយឱ្យពួកគេធ្វើការសម្រេចចិត្តបានកាន់តែប្រសើរ។ ខ្ញុំសង្ឃឹមថា Choose and Connect នឹងអាចជួយសិស្សានុសិស្សនៅកម្ពុជា ឱ្យស្វែងយល់លទ្ធភាពកាន់តែច្រើនសម្រាប់ការសិក្សា និងអាជីពការងារនាពេលអនាគតរបស់ពួកគេ»។
ទស្សនវិស័យយុទ្ធសាស្ត្រ
តាមរយៈការវិនិយោគទាំងពីរនេះ ក្រុមហ៊ុន CIFC មានគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យាជាក់ស្តែងនៅទូទាំងវិស័យអាជីវកម្ម សេវាសាធារណៈ និងការអប់រំនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបង្កើតទំនាក់ទំនងថ្មីៗរវាងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសបារាំង។ បន្ថែមពីនេះ ក៏ជាផ្នែកមួយដើម្បីពង្រីកការគាំទ្រដល់ក្រុមធុរកិច្ចថ្មីមានសក្ដានុពលរបស់កម្ពុជា និងវិស័យទាំងមូលផងដែរ។
អំពី កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ (Canadia Impact Fund Co. - CIFC)
កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ (CIFC) គឺជាក្រុមហ៊ុនបណ្ដាក់ទុនមួយស្ថិតក្រោម កាណាឌីយ៉ា គ្រុប (Canadia Group) ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុវិស័យធំបំផុតមួយរបស់កម្ពុជា។ ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ ២០២៥ CIFC បានវិនិយោគក្នុងធុរកិច្ចថ្មីនៅក្នុងស្រុកមួយចំនួនរួចហើយ រួមមាន ក្រុមហ៊ុនដឹកជញ្ជូន Jalat Logistics និង Newwave។ ការបន្ថែម DOCONCHAIN និង Choose and Connect ចូលក្នុងផលប័ត្រវិនិយោគរបស់ខ្លួន ធ្វើឲ្យ CIFC ក្លាយជាស្ថាប័នគ្រប់គ្រងធុរកិច្ចថ្មីសកម្មច្រើនជាងគេមួយនៅកម្ពុជា ខណៈគោលដៅវិនិយោគថ្មីនៅតែបន្ត៕




Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0