ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ - ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុន World Citi Colleges International, Inc. (WCCI) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដើម្បីបង្កើតសាកលវិទ្យាល័យ WCC International Aero Tech University (WCC IATU) នៅរាជធានីភ្នំពេញ។ សាកលវិទ្យាល័យនេះនឹងពង្រីកលទ្ធភាពទទួលបានការអប់រំផ្នែកអាកាសចរណ៍ឯកទេសនៅក្នុងប្រទេសកម្ពុជា ដោយរៀបចំនិស្សិតសម្រាប់អាជីពផ្នែកបច្ចេកទេស និងប្រតិបត្តិការនៅក្នុងវិស័យនេះ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន OCIC; លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC; និងលោក Raymond Patrick Guico នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន WCCI។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានរបស់ ឯកឧត្តម លី សុវណ្ណារិទ្ធ តំណាងលេខាធិការដ្ឋានរដ្ឋបាលអាកាសចរស៊ីវិល និងតំណាងស្ថានទូតកាណាដា ហ្វីលីពីន និងបារាំង។

ការអប់រំផ្នែកអាកាសចរណ៍កាន់តែមកជិតសិស្សនិស្សិតកម្ពុជា
នៅដំណាក់កាលដំបូង សាកលវិទ្យាល័យ «WCC IATU» នឹងផ្តល់ជូនកម្មវិធីថ្នាក់បរិញ្ញាបត្រចំនួន ៣ រួមមាន៖
· - បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញវិស្វកម្មថែទាំយន្តហោះ (Mechanical & Avionics)
· - បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍
· - បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញគ្រប់គ្រងទេសចរណ៍ ជាមួយកម្មវិធីបណ្តុះបណ្តាលបុគ្គលិកបម្រើការលើយន្តហោះ (Flight Attendant)
កម្មវិធីសិក្សាទាំងនេះនឹងបណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពក្នុងការថែទាំយន្តហោះ និងប្រព័ន្ធអេឡិចត្រូនិករបស់យន្តហោះ សម្របសម្រួលប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ និងគាំទ្រដល់ការផ្តល់សេវាកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ការបើកវគ្គសិក្សាទាំងនេះនៅរាជធានីភ្នំពេញ នឹងផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាទទួលបានការបណ្តុះបណ្តាលកម្រិតអន្តរជាតិ និងជំនាញឯកទេសដែរនៅក្នុងស្រុក។ នេះក៏នឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកបច្ចេកទេស និងវិស្វករកម្ពុជា ក្នុងការកសាងអាជីពក្នុងវិស័យអាកាសចរណ៍ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។

និស្សិតនឹងទទួលបានអត្ថប្រយោជន៍ពីបណ្តាញអន្តរជាតិដ៏រឹងមាំមួយ ដែលគ្របដណ្តប់លើតំបន់មជ្ឈិមបូព៌ា អាមេរិកខាងជើង អឺរ៉ុប អាស៊ីខាងជើង និងអូស្ត្រាលី។ យោងតាមក្រុមហ៊ុន Boeing នៅក្នុងចន្លោះឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៤៥ តំបន់អាស៊ីអាគ្នេយ៍ត្រូវបានព្យាករណ៍ថានឹងត្រូវការអ្នកបើកបរយន្តហោះ អ្នកបច្ចេកទេសថែទាំ និងបុគ្គលិកបម្រើការលើយន្តហោះ (cabin crew) សរុបចំនួន ២៥៨,០០០នាក់ ខណៈដែលតម្រូវការសកលនឹងមានលើសពី ២,៤ លាននាក់។
ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «វិស័យអាកាសចរណ៍នាំមកនូវការជួបជុំគ្នានៃមនុស្សមកពីវិស័យជំនាញផ្សេងៗគ្នាជាច្រើន។ តាមរយៈភាពជាដៃគូជាមួយ WCCI យើងចង់បើកឱកាសឱ្យយុវជនកម្ពុជាកាន់តែច្រើនអាចចូលរួមក្នុងវិស័យនេះ និងប្រែក្លាយចំណង់ចំណូលចិត្តរបស់ពួកគេទៅជាអាជីពការងារ។»

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍៖ «ចក្ខុវិស័យរបស់យើងគឺបណ្តុះបណ្តាលអ្នកជំនាញផ្នែកអាកាសចរណ៍ជនជាតិកម្ពុជាឱ្យមានកម្រិតស្តង់ដារអន្តរជាតិ។ នេះជាមូលហេតុដែលយើងវិនិយោគលើការកសាងសមត្ថភាពក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍សម្រាប់យុវជនជំនាន់ក្រោយ។ ផ្អែកលើបទពិសោធន៍ការងាររបស់ខ្ញុំក្នុងវិស័យអាកាសចរណ៍ ខ្ញុំជឿជាក់យ៉ាងមុតមាំថា វិស្វករ និងអ្នកបច្ចេកទេសផ្នែកអាកាសចរណ៍របស់កម្ពុជា នឹងមានអនាគតល្អមួយទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។»
ការនាំយកបទពិសោធន៍អប់រំផ្នែកអាកាសចរណ៍ពីប្រទេសហ្វីលីពីនមកកាន់កម្ពុជា
WCCI គឺជាគ្រឹះស្ថានអប់រំផ្នែកអាកាសចរណ៍ឈានមុខគេមួយនៅក្នុងប្រទេសហ្វីលីពីន និងជាផ្នែកមួយនៃក្រុមហ៊ុន World Citi Group ដែលមានប្រវត្តិក្នុងវិស័យអប់រំតាំងពីឆ្នាំ ១៩៧៨ មកម្ល៉េះ។ សិស្សនិស្សិតជាង ១០០,០០០ នាក់បានបញ្ចប់ការសិក្សាពីគ្រឹះស្ថានអប់រំរបស់ក្រុមហ៊ុននេះ ហើយបច្ចុប្បន្នកំពុងបម្រើការងារទាំងនៅក្នុងប្រទេសហ្វីលីពីន និងនៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក។
លោក Raymond Patrick Guico នាយកប្រតិបត្តិ (CEO) របស់ WCCI បានមានប្រសាសន៍ថា៖ «សាកលវិទ្យាល័យថ្មីនេះនឹងផ្តល់ជូននិស្សិតកម្ពុជានូវការបណ្តុះបណ្តាលដ៏រឹងមាំលើជំនាញដែលពួកគេបានជ្រើសរើស ព្រមទាំងការយល់ដឹងច្បាស់លាស់អំពីអ្វីដែលវិស័យនេះត្រូវការ។ យើងចង់ជួយពួកគេឱ្យអភិវឌ្ឍជំនាញ និងទំនុកចិត្ត ដើម្បីកសាងអាជីពដ៏ល្អប្រសើរមួយនៅក្នុងវិស័យអាកាសចរណ៍។»

តាមរយៈភាពជាដៃគូនេះ WCCI នឹងនាំយកបទពិសោធន៍អប់រំផ្នែកអាកាសចរណ៍ពីប្រទេសហ្វីលីពីនមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្មវិធីសិក្សាឯកទេសរបស់ WCC IATU។ សាកលវិទ្យាល័យនេះនឹងរួមបញ្ចូលគ្នានូវជំនាញឯកទេសទាំងនេះ ជាមួយនឹងបទពិសោធន៍របស់ក្រុមហ៊ុន OCIC ក្នុងការអភិវឌ្ឍគ្រឹះស្ថានអប់រំ និងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា៕
Press Contact
Press contact - Monyrath HOR hor.monyrath@ocic.com.kh
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0