Canadia Impact Fund វិនិយោគក្នុងក្រុមហ៊ុន Newwave ដែលផ្តោតលើការផ្លាស់ប្តូរលើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅកម្ពុជា

September 17, 2026
1Min Read
106 Views

ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ 

Canadia Impact Fund (CIFC) កំពុងធ្វើការវិនិយោគនៅក្នុងដំណាក់កាលចាប់ផ្តើម (seed round) ជាមួយក្រុមហ៊ុន Newwave Tech Foundry (Newwave) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) របស់កម្ពុជា ដែលកំពុងលូតលាស់យ៉ាងឆាប់រហ័ស។ កិច្ចព្រមព្រៀងវិនិយោគនេះត្រូវបានចុះហត្ថលេខាដោយលោកស្រីបណ្ឌិត ការ៉ូលីន ពុង សហស្ថាបនិកនៃ Canadia Impact Fund និងលោកស្រី Kim Chan Amrithvatey នាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Newwave។ ការវិនិយោគនេះត្រូវបានប្រកាសនៅក្នុងវេទិកាពាណិជ្ជកម្មឌីជីថលលើកទី ៣ នៅរាជធានីភ្នំពេញ។ វេទិកានេះត្រូវបានបើកសម្ពោធដោយលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។

Newwave ជាធុរកិច្ចថ្មីមួយផ្តល់សេវាកម្មដោយប្រើប្រាស់បច្ចេកវិទ្យា AI និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ (Software) ដល់ស្ថាប័នខ្នាតមធ្យម និងខ្នាតធំ។ ក្រុមហ៊ុននេះក៏កំពុងអភិវឌ្ឍ RE:AI ដែលជាវេទិកា AI មួយមានគោលបំណងគាំទ្រដល់កំណើនអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមផងដែរ។ ជាមួយនឹងការត្រៀមដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ សេវាកម្មដំបូងរបស់ RE:AI នឹងជួយឱ្យអាជីវកម្មនានាអាចបញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងប្រតិបត្តិការផ្នែកលក់ ទីផ្សារ គណនេយ្យ ខ្សែសង្វាក់ផ្គត់ផ្គង់ និងធនធានមនុស្ស ដែលជួយឱ្យពួកគេអាចដំណើរការការងារបានកាន់តែមានប្រសិទ្ធភាព។ ដោយសារវិស័យ AI នៅអាស៊ីអាគ្នេយ៍ត្រូវបានព្យាករថានឹងមានកំណើនពី ១២ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ទៅជិត ៨០ ពាន់លានដុល្លារនៅឆ្នាំ ២០៣១ ក្រុមហ៊ុនដូចជា Newwave មានឱកាសយ៉ាងច្រើនក្នុងការទទួលបានចំណែកទីផ្សារដ៏ធំនៅក្នុងវិស័យដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។

Thierry_Tea_New_wave.jpg

Newwave៖ ទេពកោសល្យកម្ពុជា ឈានទៅកាន់ទីផ្សារសកល

ក្រុមហ៊ុន Newwave ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៤ ដោយសហគ្រិនខ្មែរ គឺលោកស្រី Kim Chan Amrithvatey និងលោក Nhek Pich Panharith ហើយក្រុមហ៊ុននេះទទួលបានការគាំទ្រយ៉ាងឆាប់រហ័សនៅលើឆាកអន្តរជាតិ។ អតិថិជនជាង ៧០% របស់ Newwave មានមូលដ្ឋាននៅក្រៅប្រទេសកម្ពុជា ក្នុងទីផ្សារនានាដូចជា សហរដ្ឋអាមេរិក បារាំង ព្រីតថេន អារ៉ាប់រួម និងអូស្ត្រាលី។ ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ ពួកគេធ្វើការជាមួយក្រុមហ៊ុនធំៗល្បីឈ្មោះមួយចំនួន ក្នុងនោះរួមមានផ្សារទំនើប ឡាក់គី (Lucky Supermarket) ដែលជាផ្នែកមួយនៃក្រុមហ៊ុន DFI Retail Group ហើយបច្ចុប្បន្នក្រុមការងាររបស់ Newwave បានពង្រីកខ្លួនរហូតដល់មានបុគ្គលិកចំនួន ១៧ នាក់។​

លោក Thierry Tea នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន Canadia Impact Fund បានមានប្រសាសន៍ថា៖ «នៅកម្ពុជា យើងកំពុងឃើញមានសហគ្រិនជំនាន់ថ្មីដែលកំពុងកសាងក្រុមហ៊ុនដោយមានមហិច្ឆតាឈានហួសពីព្រំដែនប្រទេស។ Newwave គឺជាប្រភេទក្រុមហ៊ុនដែលយើងចង់គាំទ្រយ៉ាងពិតប្រាកដ ដោយសារក្រុមហ៊ុននេះមានស្ថាបនិកដែលពោរពេញដោយសមត្ថភាព និងភាពរឹងមាំ។ យើងជឿជាក់ថា Newwave អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរអាជីវកម្មទៅរកប្រព័ន្ធឌីជីថល មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើឆាកអន្តរជាតិទៀតផង»

លោកស្រី Kim Chan Amrithvatey ដែលជាសហស្ថាបនិក គឺជាសហគ្រិនដែលបង្កើតអាជីវកម្មជាបន្តបន្ទាប់ និងមានសញ្ញាបត្រ MBA ផ្នែកអាជីវកម្មដែលពាក់ព័ន្ធនឹង AI និង IT ពីប្រទេសកូរ៉េខាងត្បូង។ ចំណែកលោក Nhek Pich Panharith ដែលជាសហស្ថាបនិកម្នាក់ទៀត បានចូលរួមជាមួយ FlutterFlow ក្នុងឆ្នាំ ២០២៤ ក្នុងនាមជាសមាជិកក្រុមស្នូល។ FlutterFlow គឺជាវេទិកាអភិវឌ្ឍន៍កម្មវិធីប្រភេទ low-code ដែលមានមូលដ្ឋាននៅទីក្រុង San Francisco និងទទួលបានការគាំទ្រពី Google Ventures ហើយលោកក៏ត្រូវបានចាត់ថ្នាក់ក្នុងចំណោមអ្នកអភិវឌ្ឍន៍កំពូល ១% នៅទូទាំងពិភពលោកក្នុងឆ្នាំដដែលនោះផងដែរ។

«នេះមិនមែនគ្រាន់តែជាដើមទុនប៉ុណ្ណោះទេ ប៉ុន្តែវាជាការទទួលស្គាល់ និងបញ្ជាក់ពីភាពត្រឹមត្រូវនៃទិសដៅរបស់យើង» នេះបើតាមប្រសាសន៍របស់លោកស្រី Kim Chan Amrithvatey នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន NewWave«ក្រុមហ៊ុន NewWave កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការផ្លាស់ប្តូរទៅរកបច្ចេកវិទ្យា AI ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរការអាជីវកម្មរបស់សហគ្រាសជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូជាមួយ Canadia Impact Fund នេះ នឹងជួយពន្លឿនបេសកកម្មរបស់យើងឱ្យកាន់តែឆាប់រហ័ស នៅចំពេលដែលយើងមានភាពរួចរាល់ពេញលេញក្នុងការបោះជំហានទៅមុខ។ យើងកំពុងកសាងអនាគតមួយដែល NewWave នឹងដើរតួនាទីជាអ្នកដឹកនាំក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា AI នៅទូទាំងតំបន់។»

Canadia_Impact_Fund_Newwave3.jpg

គាំទ្រសហគ្រិនជំនាន់ក្រោយរបស់កម្ពុជា

ក្រុមហ៊ុន Canadia Impact Fund Co. (CIFC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៥ ជាគំនិតផ្តួចផ្តើមផ្នែកវិនិយោគលើអាជីវកម្មថ្មីៗ (corporate venture capital) របស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ដោយមានគោលបំណងគាំទ្រដល់សហគ្រិនវ័យក្មេងដែលមានមហិច្ឆតាខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅឆ្នាំដដែលនោះ CIFC បានធ្វើការវិនិយោគលើកដំបូងរបស់ខ្លួនជាមួយ Jalat Logistics ដែលជាក្រុមហ៊ុនធុរកិច្ចថ្មី (startup) ក្នុងផ្នែកដឹកជញ្ជូនទំនិញដល់ដៃអតិថិជន (last-mile delivery) ហើយបច្ចុប្បន្នកំពុងបម្រើសេវាកម្មដល់អាជីវកររាប់ពាន់នាក់នៅទូទាំងប្រទេស។ ចាប់តាំងពីពេលនោះមក Jalat បានដឹកជញ្ជូនទំនិញបានចំនួន ២ លានដង សម្រេចបានអត្រាជោគជ័យ ៩៨% និងបានពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួនរហូតដល់ជិត ១០,០០០ នាក់។

Newwave គឺជាការវិនិយោគលើកទីពីររបស់ CIFC ដែលធ្វើឡើងនៅចំពេលដែលវិស័យបច្ចេកវិទ្យារបស់កម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ Startup Cambodia បានកត់ត្រាថាមានក្រុមហ៊ុនអាជីវកម្មថ្មី (startups) ចំនួន ២៣៥ ក្នុងឆ្នាំ ២០២៥ ខណៈដែលប្រព័ន្ធអេកូឡូស៊ីនេះក៏កំពុងទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងពីវិនិយោគិនអន្តរជាតិផងដែរ។ ក្រុមហ៊ុន Plug and Play ដែលជាវេទិកានវានុវត្តន៍ និងជាក្រុមហ៊ុនវិនិយោគលើអាជីវកម្មថ្មី (venture capital) លំដាប់ពិភពលោក បច្ចុប្បន្នកំពុងដំណើរការ និងធ្វើការវិនិយោគនៅក្នុងប្រទេសនេះ។ លើសពីនេះ នៅខែសីហា ឆ្នាំ ២០២៦ រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី (Startup) ឆ្នាំ ២០២៦-២០៣០ ដោយកំណត់គោលដៅសម្រេចឱ្យបាននូវទំហំវិនិយោគលើអាជីវកម្មថ្មីចំនួន ៣០ លានដុល្លារ និងមានអាជីវកម្មថ្មីចំនួន ១០០ ទទួលបានការវិនិយោគនៅត្រឹមឆ្នាំ ២០៣០។

ប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជាកំពុងចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ និងការទទួលស្គាល់។ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FrancoTech ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូល ហ្រ្វាំងកូហ្វូនី នៅរាជធានីភ្នំពេញ ដោយនាំមកនូវសហគ្រិន អ្នកវិនិយោគ និងបណ្តាញបច្ចេកវិទ្យាដែលប្រើប្រាស់ភាសាបារាំង (ដូចជា French Tech) មកកាន់រាជធានីរបស់កម្ពុជា៕

Press Contact

Press contact – Monyrath HOR hor.monyrath@ocic.com.kh

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider