នៅពេលចប់សង្គ្រាម តើតម្រូវការធ្វើកំណែទម្រង់សេដ្ឋកិច្ច មានន័យបែបណាសម្រាប់អ្នកជំនួញនៅកម្ពុជា?

December 23, 2025
1Min Read
250 Views

ក្នុងសង្គ្រាមឈ្លានពានយ៉ាងសាហាវព្រៃផ្សៃរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា ក្នុងខែធ្នូឆ្នាំ២០២៥នេះ បានបង្ហាញពីភាពងាយរងគ្រោះ ដោយសារការរំលោភបំពានពីប្រទេសជិតខាង ដែលមានសេដ្ឋកិច្ច យោធា និងការទូតពាណិជ្ជកម្មធំជាងកម្ពុជា។ 

ភាពឈឺចាប់ដោយសារការប្រមាថ កំពុងដុតរោលកម្លាំងជាតិនិយមរបស់ខ្មែរឲ្យផុសឡើងខ្លាំងបំផុត ទាំងចំពោះប្រជាជនទូទៅ អ្នកជំនួញ និងរដ្ឋាភិបាល។ កម្ពុជានៅពេលនេះកំពុងប្ដេជ្ញាថានឹងប្រឹងប្រែងអភិវឌ្ឍជាតិលើគ្រប់វិស័យ ប៉ុន្តែវិស័យដែលកំពុងត្រូវបានផ្ដោតសម្រាប់រដ្ឋាភិបាល និងក្រុមមនុស្សមានឥទ្ធិពលក្នុងវិស័យឯកជន គឺសេដ្ឋកិច្ច។ មានមូលដ្ឋានសេដ្ឋកិច្ចខ្លាំង ទើបមានលុយទិញអាវុធ និងពង្រឹងវិស័យការពារជាតិ។ មានសេដ្ឋកិច្ចខ្លាំង ទើបងាយបង្កើតផលប្រយោជន៍ការទូតឲ្យបរទេសរួសរាន់ជួយ នៅពេលប្រទេសជិតខាងគំរាមកំហែង។ 

គម្លាតសេដ្ឋកិច្ចរបស់កម្ពុជា គិតត្រឹមឆ្នាំ២០២៥ កំពុងតូចជាងដប់ដង ធៀបជាមួយថៃ និងវៀតណាម។ ដើម្បីការពារខ្លួន កម្ពុជាត្រូវប្រញាប់ធ្វើកំណែទ្រង់ទ្រង់ទ្រាយធំលើគ្រប់វិស័យដែលចាំបាច់ រួមមានប្រព័ន្ធរដ្ឋបាល ធនធានមនុស្ស ការពារជាតិ និងសេដ្ឋកិច្ច។ 

ការធ្វើកំណែទម្រង់នេះ មិនត្រឹមតែសម្រាប់ជាតិប៉ុណ្ណោះទេ ប៉ុន្តែវាបង្កប់ទៅដោយឱកាសសម្រាប់គ្រួសារអ្នកជំនួញមានឥទ្ធិពលនៅកម្ពុជា។ ក្រោមហេតុផលគាំទ្រមហិច្ចតាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក្នុងល្បឿនលឿន, ពាណិជ្ជករ និងអ្នកវិនិយោគខ្មែរនឹងងាយស្រួលស្វែងរកការគាំទ្រ និងសម្បទានផ្សេងៗពីរដ្ឋាភិបាល ជាពិសេសក្រុមអ្នកជំនួញធំៗដែលមានទំនាក់ទំនងស្និទ្ធជាមួយរដ្ឋាភិបាល។ ការឡប់ប៊ី(Lobby) ក្រោមរូបភាពផ្សេងៗ ដើម្បីទទួលបានការឧបត្ថម្ភធនពីរដ្ឋ ក៏នឹងងាយត្រូវបានធ្វើឡើងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការធ្វើកំណែទម្រង់នានា គួរត្រូវបានធ្វើឡើងតាមផែនការច្បាស់លាស់ តម្លាភាព និងមិនគួរផ្ដោតការផ្ដល់ឧបត្ថម្ភធនដល់ក្រុមសេដ្ឋី ដោយរំលងម្ចាស់សហគ្រាសធុនតូច និងមធ្យមនោះទេ។ 

ត្រឹមថ្ងៃទី ២៣ ខែធ្នូនេះ សង្គ្រាមជាមួយថៃនៅកំពុងបន្តនៅឡើយ ខណៈផែនការកំណែទម្រង់ផ្សេងៗក៏មិនទាន់ត្រូវបានប្រកាសដែរ។ យើងសង្ឃឹមថានៅពេលសង្គ្រាមត្រូវបានបញ្ចប់ជាស្ថាពរ នោះកំណែទម្រង់ដើម្បីលុបបំបាត់ភាពកម្សោយក្នុងប្រព័ន្ធរដ្ឋបាល និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ នឹងត្រូវបានប្រញាប់ធ្វើឡើង៕ 

Most Read

Popular Tags

Recommended Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider