ក្រុមហ៊ុនបច្ចេកវិទ្យា OpenAI ទើបប្រមូលទុនថ្មីបានចំនួនរហូតដល់ទៅ ១២២ពាន់លានដុល្លារ ជាមួយរង្វាស់តម្លៃសរុបចំនួន ៨៥២ពាន់លានដុល្លារ ដែលជាសកម្មភាពរៃអង្វាស់ដើមទុនថ្មីច្រើនបំផុតរបស់ក្រុមហ៊ុននេះ ស្របពេល OpenAI កំពុងបង្កើនការចំណាយកាន់តែច្រើនលើបន្ទះឈីប មជ្ឈមណ្ឌលទិន្នន័យ និងការចំណាយលើការអូសទាញធនធានមនុស្សជំនាញក្នុងឧស្សាហកម្មរបស់ខ្លួន។ នេះបើតាមទិន្នន័យផ្សាយដោយ Bloomberg។
សូមជម្រាបថា យុទ្ធនាការប្រមូលទុនជុំចុងក្រោយក្នុងតម្លៃសរុប ៨៥២ពាន់លានដុល្លារនេះ គឺជារង្វាស់តម្លៃ បូកទាំងចំនួនទុនថ្មីទើបប្រមូលបាន ១២២ពាន់លានដុល្លារដែរ។ ចំនួនដើមទុនថ្មីទាំង ១២២ពាន់លានដុល្លារនេះ វិនិយោគដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងមូលនិធិបណ្ដាក់ទុនមួយចំនួន។ ក្នុងនោះ ក្រុមហ៊ុន Amazon របស់លោក Jeff Bezos ម្នាក់ឯងដាក់ទុនចំនួន ៥០ពាន់លានដុល្លារ ចំណែកក្រុមហ៊ុន Nvidia និង SoftBank Group ដាក់ទុនម្នាក់ ៣០ពាន់លានដុល្លារ។ រីឯចំណែកទុនថ្មីនៅសេសសល់ចំនួន ១២ពាន់លានដុល្លារទៀត គឺជាទុនវិនិយោគបានមកពីមូលនិធិបណ្ដាក់ទុនដែលជាម្ចាស់ភាគហ៊ុនចាស់ៗរបស់ OpenAI រួមមាន Andressen Horowits, MGX, D.E. Shaw Ventures, TPG និងក្រុមហ៊ុន T. Rowe Price ជាដើម។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើតកម្មវិធី ChatGPT នេះ បានឲ្យដឹងថាខ្លួនកំពុងរកប្រាក់ចំណូលបានចំនួន ២ពាន់លានដុល្លារក្នុងមួយខែ ក្នុងនោះមាន ៤០% នៃប្រាក់ចំណូលសរុប រកបានពីអតិថិជនជាអាជីវកម្ម ខណៈអតិថិជនជាបុគ្គលក៏កំពុងមានកំណើនដែរ។ យ៉ាងណាមិញ ក្រុមហ៊ុនខាងលើបានដាក់គោលដៅបង្កើនប្រភពចំណូលពីអតិថិជនជាអាជីវកម្មឲ្យបាន ៥០% ត្រឹមចុងឆ្នាំ ២០២៦ នេះ។
គួរកត់សម្គាល់ដែរថា ក្រុមហ៊ុន OpenAI កន្លងមកបាននិយាយថា ខ្លួនប្ដេជ្ញាចិត្តវិនិយោគប្រាក់ប្រមាណជាង ១,៤ទ្រីលានដុល្លារឯណោះលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ដើម្បីប្រមូលដើមទុនសម្រាប់សម្រេចផែនការវិនិយោគដ៏សម្បើមនេះ គេសង្កេតឃើញក្រុមហ៊ុន OpenAI និងក្រុមហ៊ុនគូប្រជែងរបស់ OpenAI ដូចជា Anthropic ជាដើម បានបង្កើនទំនាក់ទងហិរញ្ញវត្ថុជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀត រួមទាំងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា Cloud និងបន្ទះឈីប ដូចជា Amazon និង Nvidia។
ទោះជាយ៉ាងណាក៏ដោយ សកម្មភាពសហការផ្នែកហិញ្ញវត្ថុរវាងក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា AI, ក្រុមហ៊ុនបន្ទះឈីប និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ព្រមទាំងក្រុមហ៊ុនបណ្ដាក់ទុននានា ដែលមានទំហំទុនចំនួនរាប់រយពាន់លានដុល្លារក្នុងយុទ្ធនាការប្រមូលទុនថ្មីមួយលើកៗ និងក្នុងរយៈពេលឆាប់រហ័សដូច្នេះ ក៏ត្រូវបានគេមើលឃើញជាក្ដីបារម្ភមួយចំនួនថាឧស្សាហកម្ម AI និងបច្ចេកវិទ្យាពាក់ព័ន្ធ អាចនឹងថមថយវិញ ប្រសិនបើវាមិនអាចបង្កើតផលប្រយោជន៍ខ្ពស់ដូចអ្វីដែលគេកំពុងរំពឹងទុកក្នុងពេលបច្ចុប្បន្នទេនោះ៕
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0