ក្រសួងមហាផ្ទៃកម្ពុជា និងប៉ូលីសចិន បានសហការគ្នាចាប់បញ្ជូនប្រធានក្រុមហ៊ុន Huione Group លោក លី សុង (Li Xiong) ទៅបន្តនីតិវិធីច្បាប់នៅប្រទេសចិន ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមបច្ចេកវិទ្យា ឬ Online Scam និងអាចមានបទល្មើសហិរញ្ញវត្ថុមួយចំនួនផ្សេងទៀត។
ការចាប់បញ្ចូនខ្លួនលោក លី សុង ធ្វើឡើងបន្ទាប់ពីត្រូវបានដកសញ្ជាតិខ្មែរ និងក្រោមកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នារវាងក្រុមប៉ូលីសកម្ពុជា និងចិន អស់រយៈពេលជាច្រើនខែ និងចាប់បញ្ជូនទៅប្រទេសចិនវិញផ្អែកតាមសំណើរបស់អាជ្ញាធរចិន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលត្រូវបានផ្សាយក្នុងថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៦ នេះ។
បើតាមការចុះផ្សាយរបស់ រ៉យទ័រ បានឲ្យដឹងថា លោក លី សុង គឺជាមនុស្សដែលស្ថិតក្នុងសមាជិកក្រុមឧក្រិដ្ឋជនដឹកនាំដោយលោក ចេន ហ្សី (Chen Zhi) ប្រធានក្រុមហ៊ុន Price Group ដែលត្រូវបានដកសញ្ជាតិខ្មែរ និងត្រូវបានចាប់បញ្ជូនទៅប្រទេសចិនកាលពីខែមករា ឆ្នាំ២០២៦ នេះ ជាមួយបក្សពួកចំនួនពីរនាក់ទៀត ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui ដែលពាក់ព័ន្ធបទល្មើស Online Scam ការក្លែងបន្លំ និងការសម្អាតប្រាក់ខុសច្បាប់។
សូមជម្រាបថា លោក លី សុង គឺជាប្រធានក្រុមហ៊ុន Huione Group ដែលមានអាជីវកម្មបុត្រសម្ព័ន្ធមួយចំនួនក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ Huione Pay, ធានារ៉ាប់រង Huione Insurance និងវិស័យអប់រំ Huione Education ជាដើម ខណៈក្រុមហ៊ុន Huione Pay ត្រូវបានធនាគារជាតិនៃកម្ពុជាដកអាជ្ញាបណ្ណ និងមានអតិថិជនជាច្រើនកំពុងស្វែងរកការដកប្រាក់របស់ពួកគេវិញដែលជាប់ក្នុងក្រុមហ៊ុននេះ។ បើតាមប្រភពដែល Poipet Insider បានរកឃើញ សមាជិកក្រុមឧក្រិដ្ឋជនរូបនេះបានមកបង្កើតក្រុមហ៊ុនដំបូងនៅកម្ពុជាក្នុងឆ្នាំ ២០១៤ រួចបានបន្តបង្កើតក្រុមហ៊ុនជាច្រើនផ្សេងទៀតក្នុងអំឡុងឆ្នាំ ២០១៨ និងឆ្នាំ២០១៩។
ដោយឡែកធនាគារ ផេនដា (Panda Commercial Bank) ដែលទើបត្រូវបានធនាគារជាតិនៃកម្ពុជាដកអាជ្ញាបណ្ណ និងកំពុងស្ថិតក្នុងនិតិវិធីជម្រះបញ្ជី ក៏មានឈ្មោះ Li Xiong ជាប្រធានដែរ បើតាមរបាយការណ៍ហិរញ្ញវត្ថុត្រឹមឆ្នាំ ២០២៣ របស់ធនាគារនេះ ប៉ុន្តែនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រឹមឆ្នាំ ២០២៤ តំណែងប្រធាន ត្រូវបានជំនួសដោយមនុស្សផ្សេង។ យ៉ាងណា យើងពុំទាន់អាចស្វែងរកការបញ្ជាក់ថាតើ អតីតប្រធានធនាគារ Panda និងប្រធានក្រុមហ៊ុន Huione គឺជាមនុស្សតែមួយ ឬយ៉ាងណានៅឡើយទេ៕
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0