សម្ព័ន្ធសាជីវកម្មគ្រួសារធំៗរបស់ថៃ រួមមាន CP, TCC និង Central Group ចេញមុខជួយរដ្ឋាភិបាលទប់ស្កាត់បញ្ហាទំនិញឡើងថ្លៃ

April 02, 2026
1Min Read
6 Views

សាជីវកម្មគ្រួសារមហាសេដ្ឋីធំៗរបស់ថៃចេញមុខជួយទប់ស្កាត់ការកើនឡើងនៃចំណាយក្នុងការរស់នៅ ឬ Cost of Living ក្នុងប្រទេសរបស់ខ្លួន តាមរយៈសកម្មភាពលក់បញ្ចុះតម្លៃនូវទំនិញចាំបាច់មួយចំនួននៅតាមបណ្ដាញហាងលក់ទំនិញរបស់ពួកគេ។ សកម្មភាពនេះកើតឡើងបន្ទាប់ពីប្រទេសជាច្រើននៅលើពិភពលោក រួមទាំងប្រទេសថៃប្រឈមសម្ពាធអតិផរណា ដោយសារតែតម្លៃប្រេង និងហ្គាសឡើងថ្លៃបណ្ដាលមកពីសង្គ្រាមនៅតំបន់មជ្ឈឹមបូពាហ៌។ 

សម្ព័ន្ធសាជីវកម្មគ្រួសារលំដាប់កំពូលរបស់ថៃដែលមានអាជីវកម្មហាងលក់ទំនិញ រួមមាន CP Group របស់គ្រួសារលោក Dhanin Chearavanont, បណ្ដាញហាង BigC របស់គ្រួសារ Charoen Sirivadhanabhakdi និងក្រុមហ៊ុនផ្សារទំនើប Central Group របស់គ្រួសារ Chirathivat ជាដើម បានយល់ព្រមលក់ផលិតផលចំណីអាហារដែលផលិតដោយអាជីវកម្មបុត្រសម្ព័ន្ធរបស់ខ្លួន សម្ភារៈបន្ទប់ទឹក និងទំនិញចាំបាច់មួយចំនួនទៀត ដោយបញ្ចុះតម្លៃចាប់ពី ២៥% ទៅ ៥០%។ នេះបើតាមខ្លឹមសារព័ត៌មានមួយត្រូវបានផ្សាយដោយ Bloomberg។ 

គួរកត់សម្គាល់ថា ការបង្ហាញតួនាទីយ៉ាងសំខាន់របស់សម្ព័ន្ធក្រុមហ៊ុនឯកជនទាំងនេះក្នុងខណៈពេលសេដ្ឋកិច្ចជាតិរបស់ខ្លួនកំពុងរងការគំរាមកំហែង កើតឡើងដោយមានការគាំទ្រពីរដ្ឋាភិបាលថៃ ក្រោមគោលនយោបាយមួយត្រូវបានគេហៅថា “ថៃជួយថៃ”។ 

ទោះជារដ្ឋាភិបាលថៃព្យាយាមគ្រប់គ្រងតម្លៃទំនិញរាប់សិបមុខដែលចាំបាច់ក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ប៉ុន្តែការកើនឡើងនៃថ្លៃប្រេង និងថ្លៃផលិតកម្មនៅតែរុញឱ្យតម្លៃទំនិញសំខាន់ៗដូចជាសាច់ជ្រូក និងស៊ុតកើនឡើងពិបាកទប់ស្កាត់។ ពលរដ្ឋទូទៅ ជាពិសេសក្រុមពលរដ្ឋងាយរងគ្រោះក៏កំពុងតស៊ូទប់ទល់ជាមួយផលវិបាកដែលកើតឡើងព្រោះតែប្រេងឥន្ធនៈឡើងថ្លៃខ្ពស់ផងដែរ ដែលនឹងធ្វើឱ្យប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះ ស្របពេលកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានគេព្យាករណ៍ថានឹងមានកំណើនយឺតយ៉ាវស្រាប់ទៅហើយ។

យ៉ាងណាក្ដី ការជំរុញរបស់រដ្ឋាភិបាលថៃកំពុងដឹកនាំដោយលោក Anutin Charnvirakul ដើម្បីឱ្យសាជីវកម្មគ្រួសារមហាសេដ្ឋីក្នុងស្រុករបស់ខ្លួនចូលរួមជួយដាក់វិធានការទប់ស្កាត់បញ្ហាទំនិញឡើងថ្លៃដូច្នេះ គឺជាគោលនយោបាយមួយអាចសម្រាលបន្ទុកចំណាយបានខ្លះ ក៏ប៉ុន្តែក៏រងការរិះគន់មួយចំនួនដែរ ត្បិតវាបង្កើតការសង្ស័យចំពោះរឿងរ៉ាវនៅពីក្រោយនៃទំនាក់ទំនងរវាងរដ្ឋ និងក្រុមហ៊ុនរបស់ក្រុមគ្រួសារសេដ្ឋីក្នុងស្រុក ខណៈកន្លងមកមានការរិះគន់ខ្លាំងរួចទៅហើយ ដោយសារតែគ្រួសារមហាសេដ្ឋីប្រចាំប្រទេសនេះចេះតែកើនឥទ្ធិពលខ្លាំងឡើងក្នុងសេដ្ឋកិច្ចនយោបាយថៃ ដែលធ្វើឲ្យពួកគេអាចប្រមូលផ្ដុំទ្រព្យសម្បត្តិតាមរយៈការក្ដោបក្ដាប់វិស័យសំខាន់ៗផ្ដាច់មុខ និងបណ្ដាលឲ្យកើនឡើងគម្លាតនៃវណ្ណៈសង្គម។ 

យោងតាមធនាគារពិភពលោក ប្រជាជនថៃ ១០% ដែលត្រូវបានគេចាត់ថ្នាក់ជាក្រុមអ្នកមានទ្រព្យសម្បត្តិជាងគេ គឺអាចរកចំណូលបានដល់ទៅពាក់កណ្ដាលឯនោះ នៃប្រាក់ចំណូលសរុបរបស់ប្រជាជនថៃទាំងមូល៕ 

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider