វិស័យ SMEs និងប្រទេសមានសេដ្ឋកិច្ចតូចៗ កំពុងធ្លាក់ចុះសកម្មភាពវិនិយោគ បណ្ដាលមកពីភាពមិនច្បាស់លាស់នៃពន្ធគយ

October 14, 2025
1Min Read
160 Views

អាជីវកម្មខ្នាតតូច និងមធ្យម និងប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ទំនងជាប្រឈមហានិភ័យនានា ជាពិសេសការធ្លាក់ចុះការវិនិយោគ ដោយសារភាពមិនច្បាស់លាស់នៃពន្ធគយ ដែលនៅមិនទាន់កំណត់អត្រាជាក់លាក់នៅឡើយ។ នេះបើតាមការលើកឡើងរបស់ លោកស្រី Rebeca Grynspan អគ្គលេខាធិការនៃទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNCTAD) បានប្រាប់ទីភ្នាក់ងារ រ៉យទ័រ កាលពីថ្ងៃចន្ទម្សិលមិញ។

នៅក្នុងបទសម្ភាសន៍មួយនៅការិយាល័យរបស់ខ្លួននៅទីក្រុងហ្សឺណែវ លោកស្រី Rebeca Grynspan  បានបន្តទៀតថា “យើង(អង្គការសហប្រជាជាតិ) បារម្ភថាប្រទេសតូចៗនឹងមានកំណើនយឺតយ៉ាវបន្ថែមទៀត ទាក់ទងនឹងការវិនិយោគ។ យើងបារម្ភថាអាជីវកម្មខ្នាតតូច និងមធ្យមនឹងរងផលប៉ះពាល់គ្រប់ទិសទី ស្របពេលប្រទេសតូចៗពឹងផ្អែកច្រើនលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច»។

គួររំលឹកថា តាមរបាយការណ៍របស់ UNCTAD ក្នុងខែកក្កដាកន្លងទៅ ទើបបានរកឃើញថា ការវិនិយោគផ្ទាល់ពីបរទេសជាសកលបានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ហើយក៏មានក្ដីបារម្ភដែរថា នៅឆ្នាំ២០២៥នេះ វានឹងអាចមានលទ្ធផលកាន់តែអាក្រក់ទៅៗ។ មានការព្រួយបារម្ភដូច្នេះ គឺដោយសារភាពតានតឹងពាណិជ្ជកម្មសកល បានធ្វើឱ្យអ្នកវិនិយោគខ្វះទំនុកចិត្ត ត្បិតពួកគេស្ទាក់ស្ទើរចំពោះទីផ្សារដែលមិនទាន់មានភាពនឹងនរ បណ្ដាលមកពីសង្គ្រាមពន្ធគយនៃប្រទេសមហាអំណាច។ 

ប្រទេសមានសេដ្ឋកិច្ចតូច និងជាប់ពន្ធខ្ពស់លើទំនិញនាំចេញទៅអាមេរិក នៅពេលនេះកំពុងជួបប្រទះហានិភ័យខ្សត់ខ្សោយការវិនិយោគថ្មីៗដែលធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ព្រោះតែអ្នកវិនិយោគក្នុងស្រុក និងបរទេសស្ទាក់ស្ទើរលើផែនការវិនិយោគរបស់ខ្លួន ចំពេលដែលទីផ្សារនាំចេញកំពុងរងសម្ពាធប្រកួតប្រជែងបណ្ដាលមកពីពន្ធគយ។

ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump  ចូលកាន់តំណែងក្នុងខែមករាឆ្នាំនេះមក ការសម្រេចចិត្តដាក់ពន្ធគយរបស់មេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើ និងបានបញ្ជូនសញ្ញាមិនច្បាស់លាស់សម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូល។ ភាពមិនច្បាស់លាស់ដ៏ពិបាកព្យាករណ៍នេះ បានធ្វើឲ្យប្រទេសតូចៗដែលមានសេដ្ឋកិច្ចខ្សត់ខ្សោយស្រាប់ទៅហើយ ថែមទាំងរងអត្រាពន្ធគយខ្ពស់ជាងប្រទេសអភិវឌ្ឍន៍ទៀត គឺគ្មានជម្រើសច្រើនឡើយ ក្រៅពីត្រូវប្រឹងប្រែងកាច់ចង្កូតតាមរលកសេដ្ឋកិច្ចដែលប្រទេសធំៗជាអ្នកបង្កើតឡើង។ 

ជាក់ស្ដែង សហភាពអឺរ៉ុបដែលជាសហគមន៍នៃក្រុមប្រទេសមានសេដ្ឋកិច្ចធំ និងជឿនលឿន សម្រេចបានកិច្ចព្រមព្រៀងពន្ធត្រឹម ១៥% ប៉ុណ្ណោះ ចំពោះទំនិញនាំចេញទៅសហរដ្ឋអាមេរិក ប៉ុន្តែឡាវដែលជាប្រទេសក្រីក្រមួយ បែរជាប្រឈម​ពន្ធ ៤០%។ ការប្រឈមអត្រាពន្ធខ្ពស់ ធៀបនឹងប្រទេសអភិវឌ្ឍន៍ កំពុងដាក់សម្ពាធលើបណ្ដាប្រទេសអភិវឌ្ឍន៍តិចតួច និងរដ្ឋតូចៗ ឲ្យកាន់តែយ៉ាប់យ៉ឺន និងមានភាពធន់តិចជាង។

ដោយឡែក ក្នុងបរិបទសង្គ្រាមពន្ធគយ ក្រុមប្រទេសអភិវឌ្ឃមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ បច្ចុប្បន្នកំពុងរីករាយក្នុងការទាញយកផលប្រយោជន៍ពីដំណើររីកចម្រើនរបស់បច្ចេកវិទ្យា AI តាមរយៈប្រាក់ចំណូលពីការនាំចេញបន្ទះឈីប និងទុនវិនិយោគលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យ Data Center ក៏ប៉ុន្តែឱកាសទទួលផលពីវិស័យ AI នេះ គឺមានតិចតួចប៉ុណ្ណោះសម្រាប់ប្រទេសតូចៗ។ ផ្ទុយទៅវិញ ប្រទេសក្រីក្រកំពុងប្រឈមមុខនឹងការទទួលផលអវិជ្ជមាន ពីការរីកចម្រើននៃបច្ចេកវិទ្យា AI ក៏ដោយសារប្រជាជននៃប្រទេសក្រីក្រ មានសមត្ថភាពទាបក្នុងការតាមទាន់ការរីកចម្រើនរបស់ AI ហើយការអនុវត្តច្បាប់ក៏មានភាពធូររលុងថែមទៀត។ 

សម្រាប់ឆ្នាំ ២០២៦ ខាងមុខ ស្ថានភាពសេដ្ឋកិច្ចសកលនៅតែពិបាកព្យាករណ៍នៅឡើយ គិតត្រឹមខែតុលាឆ្នាំនេះ ត្បិតភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការប្រជែងអំណាចរវាងចិន និងសហរដ្ឋអាមេរិកនៅកំពុងបន្ត។ ប្រទេសមួយចំនួននៅតំបន់អាស៊ានកំពុងត្រៀមអនុម័តថវិកាជាតិសម្រាប់ឆ្នាំ២០២៦ ដែលរួមបញ្ចូលទាំងកញ្ចប់ថវិកាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងជួយវិស័យឯកជនពីការប៉ះពាល់បណ្ដាលមកពីពន្ធគយរបស់អាមេរិកផងដែរ៕

Most Read

Popular Tags

Recommended Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider