ក្រុមហ៊ុនបណ្ដាញសណ្ឋាគារថៃ Central Plaza Hotel (CENTEL) នៃសម្ព័ន្ធសាជីវកម្មគ្រួសារ Central Group ដែលជាម្ចាស់ភាគហ៊ុន ៤០% ក្នុងប្រតិបត្តិការបណ្ដាញហាងកាហ្វេ Café Amazon នៅប្រទេសវៀតណាម ទើបបានប្រកាសពីការដកខ្លួន និងរំលាយអាជីវកម្មបណ្ដាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន PTT Oil and Retail Business (PTTOR) ក្នុងប្រតិបត្តិការហាងកាហ្វេខាងលើនៅវៀតណាមហើយ ក្រោយពីបានព្យាយាមជ្រៀតចូលទីផ្សារអស់រយៈពេល ៥ឆ្នាំ។
កាលពីឆ្នាំ២០២០ បណ្ដាញហាង Café Amazon បានសម្រេចចូលប្រជែងក្នុងទីផ្សារវៀតណាម ក្នុងផែនការពង្រីកទីផ្សាររបស់ខ្លួនឲ្យក្លាយជាយីហោហាងកាហ្វេលំដាប់ពិភពលោក និងធ្លាប់បានព្យាយាមបើកសាខានៅទូទាំងប្រទេសវៀតណាមទៀតផង ក៏ប៉ុន្តែរយៈពេល ៥ឆ្នាំកន្លងមកនេះ មហិច្ចតាពង្រីកសាខានៅវៀតណាមពីសំណាក់ក្រុមហ៊ុនថៃនេះ ហាក់មិនដំណើរការរលូនដូចផែនការឡើយ។ ពុំមានទិន្នន័យបញ្ជាក់ចំនួនសាខា Café Amazon ផ្លូវការនៅវៀតណាមនោះទេ ប៉ុន្តែនៅលើផែនទី Google Map បង្ហាញថាមានសាខាតែជាង ១០ ប៉ុណ្ណោះនៅវៀតណាម ហើយស្ទើរតែទាំងអស់មានទីតាំងនៅទីក្រុងហូជីមិញ។
ហាង Café Amazon នៅវៀតណាមប្រតិបត្តិការដោយក្រុមហ៊ុនមួយឈ្មោះ ORC Coffee Passion Group Joint Stock Company (ORCG) ដែលជាអាជីវកម្មបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន Central Plaza Hotel កាន់កាប់ចំណែកហ៊ុន ៤០% និងហ៊ុន ៦០% ទៀត ជាចំណែកនៃក្រុមហ៊ុន PTT OR ដែលជាម្ចាស់យីហោហាង Café Amazon ផ្ទាល់។
ក្នុងលិខិតជូនដំណឹងទៅគណៈកម្មការមូលបត្រនៃប្រទេសថៃ ក្រុមហ៊ុន Central Plaza Hotel បានឲ្យដឹងថា ខ្លួនបានបណ្ដាក់ទុនចំនួន ១៨៧លានបាត ឬស្មើប្រមាណ ៥លាន៧សែនដុល្លារអាមេរិក សម្រាប់ចំណែកហ៊ុន ៤០% នោះ ប៉ុន្តែគិតមកត្រឹមខែសីហា ឆ្នាំ២០២៥ ចំណែកដើមទុនរបស់ខ្លួននៅសល់ត្រឹម ៥៦លានបាត ($1.7m) ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការដកចំណែកហ៊ុននៃក្រុមហ៊ុន Central ពីប្រតិបត្តិការហាង Café Amazon នៅវៀតណាម នៅមិនទាន់កំណត់លទ្ធផលបញ្ចប់ ឬបន្តទៀតនោះទេ ត្បិតក្រុមហ៊ុន PTTOR មិនទាន់ចេញមកបញ្ជាក់ថាតើខ្លួននឹងបន្តដំណើរការតែម្នាក់ឯង ឬស្វែងរកដៃគូថ្មីមកជំនួសក្រុមហ៊ុន Central ឬឈប់ត្រឹមហ្នឹងនៅឡើយ។
សូមជម្រាបដែរថា គិតត្រឹមឆមាសទីមួយនៃឆ្នាំ២០២៥នេះ ក្រុមហ៊ុន PTTOR នៃសាជីវកម្មថាមពលរបស់រដ្ឋថៃ PTT Group ដំណើរការហាង Café Amazon ចំនួន ៤៤៧២ សាខា នៅក្នុងប្រទេសថៃ ក្នុងនោះមានជាងពាក់កណ្ដាល ត្រូវបានបើកដំណើរការក្នុងការ៉ាស់សាំង PTT របស់ពួកគេ។ ក្រៅពីនេះ ក្រុមហ៊ុនថៃដដែលក៏មានហាង Café Amazon នៅក្រៅប្រទេសចំនួន ៤២៦ សាខាផងដែរ នៅក្នុងប្រទេសចំនួន ១០ រួមមាន នៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ជប៉ុន អូម៉ង់ បារ៉ែន និងអារ៉ាប៊ីសាអូឌីត។ នេះបើតាមទិន្នន័យផ្សាយដោយស្ថាប័នកាហ្វេ World Coffee Portal។ ចំណុចដ៏គួរឲ្យចាប់អារម្មណ៍ ចំនួនហាង Café Amazon នៅក្រៅប្រទេសថៃទាំងជាង ៤២០សាខា គឺមានចំនួន ៦០% មានទីតាំងក្នុងប្រទេសកម្ពុជា មានន័យថាប្រទេសកម្ពុជា ជាទីផ្សារធំបំផុតទីពីរបន្ទាប់ពីប្រទេសថៃ សម្រាប់បណ្ដាញហាងកាហ្វេរបស់ក្រុមហ៊ុន PTT។
យ៉ាងណាមិញ ក្រៅពីសម្រេចបានជោគជ័យពីប្រតិបត្តិការអាជីវកម្មការ៉ាស់សាំង PTT Station និងហាងកាហ្វេ Café Amazon របស់ខ្លួននៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះ កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យនៃក្រសួងការបរទេសថៃ លោក Nikorndej Balankura និយាយថា ក្រុមហ៊ុន PTT រួមទាំងក្រុមហ៊ុនថៃដទៃទៀត កំពុងរងផលប៉ះពាល់ដោយសារតែការធ្វើពហិការរបស់ពលរដ្ឋខ្មែរ៕
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0