ភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International Public Company Limited បានដាំក្បាលចុះ ១៦% ក្នុងរយៈពេលពីរថ្ងៃចុងក្រោយ គិតពីថ្ងៃទី ០៩ និងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥នេះ ដោយសារតែកត្តានយោបាយក្នុងស្រុកថៃ។
នៅថ្ងៃព្រហស្បតិ៍ ទី ០៩ តុលា ភាគហ៊ុនរបស់ Thai Airways បានធ្លាក់ចំនួន ១១% ក្នុងផ្សារហ៊ុនប្រទេសថៃ។ នៅថ្ងៃសុក្រ ទី ១០ តុលា ម្សិលមិញនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានបន្តធ្លាក់ចុះជាង ៥% ទៀត មកនៅតម្លៃ ១០,៩០បាត/ហ៊ុន ($0.33/ហ៊ុន)។ ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអតីតធ្លាប់ជាក្រុមហ៊ុន គ្រប់គ្រងដោយរដ្ឋថៃត្រឹមឆ្នាំ ២០២០នេះ គឺកើតឡើងក្រោយពីមានរបាយការណ៍មួយចំនួន បាននិយាយថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃកំពុងតែងតាំងបេក្ខភាពសមាជិកក្រុមប្រឹក្សាថ្មី នៅក្នុងក្រុមហ៊ុន Thai Airways។

ព័ត៌មាននេះបានធ្វើឲ្យអ្នកវិនិយោគព្រួយបារម្ភថា បញ្ហានយោបាយនៅប្រទេសថៃដែលបាន និងកំពុងមានរដ្ឋាភិបាលថ្មីៗជាបន្តបន្ទាប់ក្នុងរយៈពេលដ៏ខ្លី នឹងអាចប៉ះពាល់ដល់ដំណើរការ និងផែនការអាជីវកម្មរបស់ក្រុមហ៊ុន Thai Airways។ កត់សម្គាល់ថា កាលពីពេលថ្មីៗនេះ ក៏មានការស្នើឲ្យរដ្ឋាភិបាលថៃដកចំណែកភាគហ៊ុនចេញ ដើម្បីធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍នេះក្លាយជាក្រុមហ៊ុនឯកជនពេញលេញផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយពីតម្លៃភាគហ៊ុនធ្លាក់ចុះជាង ១៦% ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា បណ្ដាលមកពីការព្រួយបារម្ភទទួលរងឥទ្ធិពលនយោបាយបែបនេះ ក្រុមហ៊ុន Thai Airways បានបញ្ជាក់ថា ខ្លួនមានការប្ដេជ្ញាធ្វើឲ្យមានតម្លាភាព និងការដឹកនាំស្ថាប័នប្រកបដោយវិជ្ជាជីវៈ។
សូមជម្រាបដែរថា ក្រុមហ៊ុន Thai Airways ធ្លាប់ជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋថៃ តាមរយៈការកាន់កាប់ចំណែកភាគហ៊ុន លើស ៥០% ដោយក្រសួងហិរញ្ញវត្ថុ។ ប៉ុន្តែនៅឆ្នាំ ២០២០ ក្រុមហ៊ុននេះបានឈានដល់ដំណាក់កាលក្ស័យធន ក្រោយជាប់បំណុលចំនួន ២៤០ពាន់លានបាត ($7.34ពាន់លាន) និងប្រឈមការខាតបង់ធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ១៩។ បន្ទាប់មក រដ្ឋាភិបាលថៃបានសម្រេចលក់ចំណែកភាគហ៊ុន ៣,២% ចេញពី Thai Airways ក្នុងផែនការសង្គ្រោះក្រុមហ៊ុននេះឡើងវិញ។ ថ្វីបើបាត់បង់ឈ្មោះជាក្រុមហ៊ុនរបស់រដ្ឋ ក៏ប៉ុន្តែគិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ ក្រសួងហិរញ្ញវត្ថុថៃ នៅបន្តគ្រប់គ្រងចំណែកភាគហ៊ុនជិត ៤៨% នៃក្រុមហ៊ុនខាងលើ៕
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0