ជនជាតិសិង្ហបុរីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជិត៦ឆ្នាំ ក្នុងសំណុំរឿងឆបោកប្រាក់ $19M ខណៈប្រពន្ធជាជនជាតិថៃ ជាប់ ១៤ឆ្នាំ

October 15, 2025
1Min Read
353 Views

បុរសសិង្ហបុរីម្នាក់ ឈ្មោះ Pi Jiapeng អាយុ ៣០ឆ្នាំ ទើបត្រូវបានតុលាការសិង្ហបុរីកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និង១០ខែ កាលពីថ្ងៃទី ១៤ តុលា ឆ្នាំ២០២៥នេះ ក្នុងសំណុំរឿងឆបោក តាមរយៈអាជីវកម្មលក់ទំនិញប្រណិតនៅលើអនឡាញ ធ្វើឲ្យអតិថិជនខាតបង់ប្រាក់ដល់ទៅ ២៥លានដុល្លារសិង្ហបុរី ឬស្មើប្រហែល ១៩លាន ២សែនដុល្លារអាមេរិក។ ដោយឡែកប្រពន្ធរបស់លោក Pi ដែលជាជនជាតិថៃ ឈ្មោះ Pansuk Siriwipa  ជាអ្នកបង្គាប់បញ្ជាប្ដីរបស់ខ្លួន ត្រូវបានកាត់ទោសតាំងពីចុងឆ្នាំមុន ឲ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ពោលជាប់រយៈពេលយូរជាងប្ដី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសិង្ហបុរី CNA។ 

9aeaa110-09b2-11ed-bbf7-26fc813c37ce.jpeg

សូមជម្រាបថា ប្ដីប្រពន្ធខាងលើត្រូវបានចាប់ខ្លួនតាំងពីខែសីហាឆ្នាំ ២០២២ មកម្លេះ ក្រោយពួកគេព្យាយាមលួចរត់គេចខ្លួនចេញពីប្រទេសសិង្ហបុរី ប៉ុន្តែនៅតែត្រូវប៉ូលីសតាមចាប់ខ្លួនបាននៅអំឡុងពេលពួកគេរត់គេចចូលដល់ប្រទេសម៉ាឡេស៊ី។ រួចហើយមកដល់ខែតុលា ឆ្នាំ២០២៥នេះ ទើបតុលាការកាត់ទោសរួចរាល់ ដោយមានបណ្ដឹងជិត ២០០ ពីជនរងគ្រោះ។

ដំណើររឿងមុនឈានដល់សកម្មភាពបោកប្រាស់មានទំហំទឹកប្រាក់ជិត ២០លានដុល្លារដុល្លារអាមេរិកនេះ គឺចាប់ផ្ដើមដំបូងពីឆ្នាំ២០២០ លោក Pi និងអ្នកស្រី Pansuk អាយុដំណាលគ្នា បានរៀបការ រួចពួកគេចាប់ផ្ដើមមុខរបរលក់ផលិតផលគ្រឿងសម្អាងយីហោប្រណិតនៅលើបណ្ដាញសង្គមនៅប្រទេសសិង្ហបុរី តាមគំរូអាជីវកម្មទទួលកុម្មង់ពីអតិថិជនមុន ទើបពួកគេបញ្ជាទិញពីបន្តពីអ្នកផ្គត់ផ្គង់តាមក្រោយ។ 

មុខរបរនេះទទួលបានប្រាក់ចំណេញគ្រាន់បើ រហូតដល់ខែឧសភា ឆ្នាំ២០២១ ពួកគេបានសម្រេចបើកក្រុមហ៊ុនថ្មីមួយ ឈ្មោះ Tradenation ដើម្បីធ្វើសកម្មភាពលក់នាឡិកាដៃប្រណិត បន្ទាប់មកដល់ខែមករា ឆ្នាំ២០២២ បានបើកក្រុមហ៊ុនថ្មីមួយទៀត ឈ្មោះ Tradeluxury ដើម្បីលក់កាបូបប្រណិតបន្ថែមមួយទៀត ក៏ប៉ុន្តែពួកគេនៅបន្តធ្វើប្រតិបត្តិការលក់ពឹងផ្អែកលើបណ្ដាញសង្គម Instagram, Telegram និងវេទិកាលក់ទំនិញ Carousell ដោយទទួលកុម្មង់ និងគិតប្រាក់ពីអតិថិជនមុន ទើបបញ្ជាទិញពីអ្នកផ្គត់ផ្គង់តាមក្រោយ ជាមួយតម្លៃលក់ឲ្យអតិថិជន ទាបជាងតម្លៃលក់រាយលើទីផ្សារចន្លោះពី ១០-២០%។ 

ក្រុមហ៊ុនទាំងពីរខាងលើត្រូវបានបង្កើតក្រោមឈ្មោះប្ដីជនជាតិសិង្ហបុរី ប៉ុន្តែអ្នកស្រី Pansuk ដែលជាជនជាតិថៃ គឺជាអ្នកសម្រេចចិត្តចាត់ចែងប្រតិបត្តិការអាជីវកម្ម រួមទាំងការដកប្រាក់ពីគណនេយ្យធនាគារក្រុមហ៊ុនមកចាយវាយផ្ទាល់ខ្លួនផងដែរ។ ក្រោយរកស៊ីបានប៉ុន្មានខែ គិតត្រឹមខែកុម្ភៈ ក្រុមហ៊ុន Tradenation និងក្រុមហ៊ុន Tradeluxury របស់ប្ដីប្រពន្ធខាងលើ បានរងការខាតបង់ និងមានបំណុលចំនួន ១,៤លានដុល្លារអាមេរិក ដោយសារការដឹកជញ្ជូនពីអ្នកផ្គត់ផ្គង់នៅក្រៅប្រទេសមានភាពយឺតយ៉ាវ  ធ្វើឲ្យខុសពេលសន្យាផ្ដល់ទំនិញឲ្យអតិថិជន។ អ្វីដែលរួមចំណែកខាតបង់ គឺក្រុមហ៊ុនទាំងពីរបានចំណាយលើប្រាក់ខែរបស់លោក Pi សរុបចូលគ្នាចំនួន ៤ម៉ឺនដុល្លារអាមេរិក ក្នុងមួយខែ ទាំងដែលក្រុមហ៊ុនរបស់ពួកគេមិនទាន់មានមូលដ្ឋានរឹងមាំនៅឡើយ។

ទោះជាដឹងថាការដឹកជញ្ជូនជួបភាពយឺតយ៉ាវក្ដី ពួកគេនៅតែបន្តទទួលការកុម្មង់ និងយកលុយពីអតិថិជន ដើម្បីយកទៅទិញទំនិញពីហាងនៅសិង្ហបុរីឲ្យអតិថិជនចាស់ ជំនួសឲ្យការទិញពីអ្នកផ្គត់ផ្គង់នៅក្រៅប្រទេស។ ការធ្វើដូច្នេះ ធ្វើឲ្យអាជីវកម្មខាតបង់ព្រោះគ្មានគម្លាតចំណេញពីការលក់ រហូតក្លាយទៅជាអាជីវកម្មប្រមូលលុយពីអតិថិជនថ្មីទៅទិញទំនិញសងអតិថិជនចាស់ ឬជាទម្រង់ Ponzi Scheme។ 

ក្នុងចន្លោះពេលខែមីនា ដល់ចុងខែឧសភា ពោលត្រឹមរយៈពេលមិនដល់២ខែ ក្រុមហ៊ុន Tradenation របស់អ្នកទាំងពីរបានប្រមូលប្រាក់ពីអតិថិជនចំនួន ១៧៨នាក់ ថ្លៃកុម្មង់ទិញនាឡិកាប្រណិត បានប្រាក់សរុបចំនួន ២៥លានដុល្លារសិង្ហបុរី  បើទោះបីជាពួកគេដឹងថាខ្លួនមិនអាចបំពេញតម្រូវការនោះបានក៏ដោយ។ លើសពីនេះ តុលាការបានរកឃើញថា ក្នុងខែមេសា ឆ្នាំ២០២២ ពួកគេបែរជាដកលុយពីក្រុមហ៊ុន ដែលជាលុយសម្រាប់យកទៅទិញទំនិញប្រគល់ឲ្យអតិថិជន ទៅទិញរថយន្តថ្មីទៅវិញ និងបានចំណាយជួលយន្តហោះឯកជនក្នុងដំណើរកំសាន្ត ព្រមទាំងបានធ្វើសកម្មភាពសម្អាតប្រាក់ក្រោមរូបភាពទិញដូរកាបូបយីហោប្រណិត តាមរយៈក្រុមហ៊ុន Tradeluxury របស់ពួកគេ។ 

unnamed1-copy-horz.jpg

ជាលទ្ធផល ក្នុងចន្លោះខែឧសភា ដល់ខែសីហា ប្ដីប្រពន្ធម្ចាស់ក្រុមហ៊ុនទាំងពីរខាង រងបណ្ដឹងពីអតិថិជនទាំងចាស់ និងថ្មីសរុបចូលគ្នាចំនួន ១៨៧ពាក្យបណ្ដឹង។ ក្នុងខែសីហា អំឡុងពេលស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីស ពួកគេបានលួចរត់ចេញពីប្រទេសសិង្ហបុរី ឆ្លងដែនចូលប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ ប៉ុន្តែនៅតែត្រូវបានប៉ូលីសនៃប្រទេសទាំងពីរសហការគ្នាចាប់បានក្នុងខែដដែល។ 

ទោះជាយ៉ាងណាក៏ដោយ ក្នុងសំណុំរឿងនេះ អ្នកស្រី Pansuk Siriwipa ដែលជាប្រពន្ធ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ប៉ុន្តែលោក Pi Jiapeng ដែលជាប្ដីជាប់ក្នុងជម្រឹងដែករយៈពេល ៥ឆ្នាំ និង ១០ខែ ពោលទទួលទោសតិចជាងរហូតដល់ ៩ឆ្នាំ ក៏ព្រោះតុលាការបានរកឃើញថា អ្នកចាត់ចែងធំនៅពីក្រោយរឿងនេះ គឺជាអ្នកស្រី Pansuk ៕ 

scamcouple_1.jpg

HVF2bMkWsjY9_EMWxpeegs5tDOj_mAbv8pnMHKQuIdc.png

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider