ប៉ូលីសវៀតណាម រឹបអូសទ្រព្យសម្បត្តិមានតម្លៃ ៣៤លានដុល្លារ ពីម្ចាស់ក្រុមហ៊ុន NextTech Group ក្រោមបទឆបោកគ្រីបតូ

October 16, 2025
1Min Read
333 Views

ប៉ូលីសវៀតណាមកាលពីថ្ងៃអង្គារម្សិលម្ងៃ បានរឹបអូសទ្រព្យសម្បត្តិមានតម្លៃជារួមចំនួន ៩០០ពាន់លានដុង ឬស្មើប្រហែល ៣៤លានដុល្លារ ពីម្ចាស់ក្រុមហ៊ុន NextTech Group លោក Nguyen Hoa Binh ឬគេស្គាល់ក្រោមឈ្មោះ Shark Binh ត្បិតលោកជាបុគ្គលល្បីឈ្មោះមួយរូបក្នុងវិស័យវិនិយោគនៅវៀតណាម តាមរយៈកម្មវិធីស្វែងរកដើមទុន Shark Tank Vietnam និងល្បីតាមរយៈសកម្មភាពប្រកាសប្រមូលទុនសម្រាប់គម្រោងមូលនិធិគាំទ្រវិស័យគ្រីបតូនៅវៀតណាម Next100 Blockchain។ នេះបើតាមខ្លឹមសារព័ត៌មានផ្សាយដោយកាសែតរដ្ឋវៀតណាម Vnexpress។ 

vu-an-shark-binh-1760427731-6022-1760427879.png

ទ្រព្យសម្បត្តិទាំងចំនួន ៣៤លានដុល្លារនោះ រួមមានអចលនទ្រព្យចំនួន ១៨កន្លែង យានយន្តចំនួនពីរគ្រឿង និងមាសមួយចំនួន។ លោក Binh និងបក្សពួកចំនួន ៩នាក់ទៀត ត្រូវបានចោទប្រកាន់ពីបទឆបោកទ្រព្យសម្បត្តិ និងបំពានច្បាប់គ្រប់គ្រងគណនេយ្យក្រុមហ៊ុន ដែលកំហុសភាគច្រើនជាប់ពាក់នឹងគម្រោងគ្រីបតូ AntEx របស់ក្រុមហ៊ុន NextTech។ ការស៊ើបអង្កេតនៅបន្តនៅឡើយ ពោលទ្រព្យសម្បត្តិពាក់ព័ន្ធដទៃទៀតនឹងអាចត្រូវបានរឹបអូសបន្ថែម ហើយបទចោទថ្មីៗដាក់បន្ទុកលើលោក Binh ក៏អាចមានកាន់តែច្រើនដែរ។ 

តាមរបាយការណ៍ប៉ូលីស សំណុំរឿងឆបោកខាងលើ ចាប់ផ្ដើមឡើងកាលពីឆ្នាំ២០២១ ដែលនៅពេលនោះ លោក Binh បានប្រមូលមនុស្សមានជំនាញ និងចំណេះដឹងខាងរូបិយបណ្ណគ្រីបតូ រួចបង្កើតជាក្រុមមួយ ដើម្បីដំណើរការគម្រោងបង្កើតរូបិយបណ្ណគ្រីបតូថ្មីមួយ ឈ្មោះ AntEx។ 

បន្ទាប់មកពួកគេព្យាយាមលក់កាក់គ្រីបតូ AntEx នោះទៅឲ្យអ្នកវិនិយោគខាងក្រៅ ដើម្បីយកលុយទៅបង្កើតគ្រីបតូតម្លៃថេរ Stablecoin ថ្មីមួយទៀត ឈ្មោះ VNDT ដោយផ្គូរផ្គងតម្លៃជាមួយរូបិយបណ្ណជាតិវៀតណាម គឺលុយដុង។ ក្នុងគម្រោងនេះ ពួកគេបានព្យាយាមលក់ AntEx នៅលើផ្សារគ្រីបតូ (Exchange) តូចៗជាច្រើន រួចមានអ្នកវិនិយោគប្រហែល ៣ម៉ឺននាក់បានទិញវា ក្នុងរយៈពេលពេល៣ខែ រាប់ពីខែសីហាដល់ខែវិច្ចិកា ឆ្នាំ២០២១ ដោយប្រមូលប្រាក់ពីការលក់នោះបានចំនួន ៤,៥លានដុល្លារ។ 

មកដល់ចុងឆ្នាំ២០២១ លោក Binh បានកសាងកេរិ្ត៍ឈ្មោះកាន់តែខ្លាំងឡើងក្នុងវិស័យគ្រីបតូ តាមរយៈការបង្កើតមូលនិធិបណ្ដាក់ទុនមួយឈ្មោះ Next100 Blockchain ជាមួយផែនការបណ្ដាក់ទុនចំនួន ៥០លានដុល្លារត្រឹមឆ្នាំ២០៣០ នៅក្នុងគម្រោងគ្រីបតូនានាក្នុងប្រទេសជិតខាងកម្ពុជាមួយនេះ។ 

ប៉ុន្តែជាលទ្ធផល គម្រោងទាំងអម្បាលមាន មិនបានកើតឡើងដូចផែនការដែលគាត់បានប្រកាសឡើយ ហើយលោក Binh និងបក្សពួក បែរជាបានដកលុយរបស់អ្នកវិនិយោគចេញដើម្បីយកទៅចំណាយលើគោលដៅផ្សេង។ 

ក្នុងរយៈពេលជាង ៤ឆ្នាំ មកទល់បច្ចុប្បន្ន ប៉ូលីសបានរកឃើញថា លោក Binh បានធ្វើសកម្មភាពខុសច្បាប់ជាច្រើន ហើយទឹកប្រាក់ខាតបង់គិតតែបទចោទឆបោកមួយមានទំហំច្រើនណាស់។ ទោះជាយ៉ាងណា ចំនួនខាតបង់ជាក់លាក់នៅមិនទាន់បញ្ជាក់ថាមានចំនួនប៉ុន្មានលានដុល្លារនៅឡើយទេ ត្បិតការស៊ើបអង្កេតមិនទាន់បញ្ចប់៕

nguyen-hoa-binh-prosecuted-1760468225.png

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider