រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Sjafrie Sjamsoeddin បាននិយាយប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃពុធម្សិលមិញថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងទិញយន្តហោះចម្បាំង J-10C របស់ចិន យ៉ាងហោច ៤២គ្រឿង។ នេះបើតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារ AP។
ព័ត៌មានលម្អិត និងលក្ខខណ្ឌនានាស្ដីពីកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងថ្មីពីចិននេះ មិនទាន់ត្រូវបានគេទម្លាយលម្អិតទេ ដោយគ្រាន់តែនិយាយថា វាមានចំនួនយ៉ាងតិច ៤២គ្រឿង ហើយរដ្ឋាភិបាលឥណ្ឌូនេស៊ីបានអនុម័តថវិកាយ៉ាងតិចចំនួន ៩ពាន់លានដុល្លាររួចហើយ ដើម្បីទិញវា។ ពេលវេលាទទួលបាន J-10C ពីចិន ក៏មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ដែរ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីបាននិយាយថា វានឹងហោះទៅដល់ទីក្រុងហ្សាកាតា ក្នុងពេលឆាប់ៗខាងមុខដ៏ខ្លី។
សូមជម្រាបថា នេះជាលើកទីមួយហើយ ដែលប្រទេសឥណ្ឌូនេស៊ីទិញយន្តហោះចម្បាំងពីប្រទេសចិន ដែលជាប្រទេសកំពុងមានទំនាស់ជាមួយគ្នា ក្នុងការទាមទារផលប្រយោជន៍នៅតំបន់សមុទ្រចិនខាងត្បូង។ ពីមុនមក ប្រទេសសមាជិកអាស៊ានមួយនេះទិញតែពីប្រទេសលោកខាងលិចប៉ុណ្ណោះ។ យន្តហោះ J-10 របស់ចិន កាលពីពេលថ្មីៗនេះត្រូវបានប្រើប្រាស់ក្នុងការប៉ះទង្គិកគ្នារយៈពេលខ្លីរវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌា និងបានបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍ទៀតផង។
ក្រោយមានព័ត៌មានទទួលបានការបញ្ជាទិញពីឥណ្ឌូនេស៊ី តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Avic Chengdu Aircraft ដែលជាក្រុមហ៊ុនផលិតយន្តហោះចម្បាំងខាងលើ បានកើនឡើងជាង ៩% ក្នុងផ្សារហ៊ុនទីក្រុង Schenzhen នៅម៉ោងបើកការជួញដូរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី ១៦ ខែតុលា ឆ្នាំ២០២៥នេះ។
កត់សម្គាល់ដែរថា បូកទាំងយន្តហោះចម្បាំងបញ្ជាទិញពីចិនចំនួនជាង ៤០គ្រឿងនេះទៀត ប្រទេសឥណ្ឌូនេស៊ីបានបញ្ជាទិញយន្តហោះចម្បាំងថ្មីចំនួនជាង ១៣០គ្រឿងហើយ បើគិតចាប់ពីខែមករា ឆ្នាំ២០២៤ មក ដោយមិនទាន់គិតអំពីផែនការទិញដែលមិនទាន់ត្រូវបានអនុម័តនៅឡើយ។
កាលពីខែមិថុនា ប្រធានាធិបតីនៃប្រទេសតួគី លោក Recep Tayyip Erdogan បានប្រកាសថាប្រទេសរបស់ខ្លួន នឹងលក់យន្តហោះចម្បាំង KAAN ចំនួន ៤៨គ្រឿង ទៅឲ្យប្រទេសឥណ្ឌូនេស៊ី។ ដោយឡែកកាលពីខែមករា ឆ្នាំ២០២៤ ឥណ្ឌូនេស៊ីក៏បានសម្រេចបញ្ជាទិញយន្តហោះចម្បាំង Dassault Rafale ចំនួន ៤២គ្រឿង ពីប្រទេសបារាំងដែរ ហើយគ្រឿងដំបូងនឹងទៅដល់ឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២៦ ខាងមុខ។ ដូច្នេះសរុបការបញ្ជាទិញចាប់ពីដើមឆ្នាំ២០២៤ ដល់ខែតុលាឆ្នាំ២០២៥នេះ ឥណ្ឌូនេស៊ី បានបញ្ជាទិញយន្តហោះចម្បាំងថ្មីសរុបចំនួន ១៣២គ្រឿង។
ស្របពេលគ្នា ប្រទេសបងធំលេខមួយប្រចាំតំបន់អាស៊ានខាងលើ ក៏បានប្រកាសទិញនាវាមុជទឹក Scorpene Evolved ចំនួនពីរគ្រឿង និងរ៉ាដាស្ទាក់ Thales ចំនួន ១៣គ្រឿងពីប្រទេសបារាំងដែរ។
ការពង្រឹងកម្លាំងការពារដែនអាកាសនេះ ធ្វើឡើងក្នុងបរិបទដែលពិភពលោករង្គោះរង្គើរដោយសារសង្គ្រាមជាច្រើនកន្លែង សូម្បីតែនៅក្នុងតំបន់អាស៊ានក៏កំពុងមានភាពតានតឹងរវាងប្រទេសកម្ពុជា និងប្រទេសថៃដែរ៕




Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0