ក្រុមហ៊ុនចាត់ចែងមូលនិធិបណ្ដាក់ទុនរបស់រដ្ឋ GIC របស់ប្រទេសសិង្ហបុរី បានដាក់ពាក្យប្ដឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio របស់ចិនដែលខ្លួនមានចំណែកភាគហ៊ុន នៅតុលាការទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដោយបានចោទក្រុមហ៊ុនចិនខាងលើថា បានរំលោភច្បាប់មូលបត្រតាមរយៈការបំប៉ោងតួលេខប្រាក់ចំណូល។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Bloomberg ។
ពាក្យបណ្ដឹងនេះត្រូវបានក្រុមហ៊ុន GIC ដាក់ចូលតុលាការក្រុងញ៉ូវយ៉ក តាំងពីខែសីហាមកម្លេះ ប៉ុន្តែទើបធ្លាយដល់ដៃអ្នកកាសែតនៅពេលនេះ។ ក្រៅពីក្រុមហ៊ុន Nio មានបុគ្គលចំនួនពីររូបកាន់តំណែងនាយកប្រតិបត្តិ និងនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Nio គឺលោក Li Bin និងលោក Feng Wei ក៏រងបណ្ដឹងពីក្រុមហ៊ុនសិង្ហបុរី GIC ដែរ។
ក្រោយមានព័ត៌មានខាងលើ ភាគហ៊ុនរបស់ក្រុមហ៊ុន Nio បានដាំក្បាលចុះប្រមាណ ១០% ក្នុងផ្សារហ៊ុនទីក្រុងហុងកុង និងផ្សារហ៊ុនសិង្ហបុរី ក្នុងម៉ោងបើកការជួញដូរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី ១៦ តុលានេះ។ ដោយឡែកក្នុងផ្សារហ៊ុនទីក្រុងញ៉ូវយ៉ក ភាគហ៊ុនរបស់ Nio ក៏ត្រៀមធ្លាក់ចុះនៅពេលដល់ម៉ោងផ្សារហ៊ុនបើកដូចគ្នា។
កត់សម្គាល់ថា នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនមូលនិធិរដ្ឋ GIC ចេញមុខចាត់វិធានការផ្លូវច្បាប់ដូច្នេះ ទៅលើក្រុមហ៊ុនចិនដែលខ្លួនបានបោះទុនឲ្យយកទៅរកស៊ី។ តាមពាក្យបណ្ដឹង ក្រុមហ៊ុន GIC បានចោទអាជីវកម្មបុត្រសម្ព័ន្ធមួយរបស់ Nio ឈ្មោះ Nio Battery Asset Co. ថាបានបរាជ័យក្នុងការបង្ហាញរបាយការណ៍ពិតចំពោះប្រតិបត្តិការអាជីវកម្ម និងហិរញ្ញវត្ថុ។
ឯកសារដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុន Nio Battery Asset ឬចុះបញ្ជីក្រុមហ៊ុននៅចិនក្រោមឈ្មោះ Weineng បានកត់ត្រាប្រាក់ចំណូលពេញ ទាំងដែលអតិថិជនបានបង់ប្រាក់កក់ប៉ុណ្ណោះ ពោលមិនទាន់ទទួលបានប្រាក់គ្រប់ចំនួននៅឡើយទេ។ ក្រុមហ៊ុន GIC បានតវ៉ាថា ប្រតិបត្តិការប្រាក់ចំណូលដូច្នឹង មិនអាចចាត់ទុកជាប្រាក់ចំណូលពេញលេញទេ ហើយការកត់ត្រារបាយការណ៍ហិរញ្ញវត្ថុបំប៉ោងតួលេខប្រាក់ចំណូលរបៀបហ្នឹង បានធ្វើឲ្យខ្លួនដែលជាម្ចាស់ភាគហ៊ុនរបស់ Nio ខាតបង់យ៉ាងច្រើន។
យ៉ាងណាមិញ ក្រុមហ៊ុន GIC មិនបានទម្លាយថាចំនួនខាតបង់នោះមានទំហំប៉ុន្មាននោះឡើយ ត្បិតក្រុមហ៊ុននេះមិនបង្ហាញព័ត៌មានហិរញ្ញវត្ថុជាជំហរច្រើន ដូចក្រុមហ៊ុនមូលនិធិរដ្ឋរបស់សិង្ហបុរីមួយទៀត គឺ Temasek នោះទេ។

GIC គឺជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់សិង្ហបុរី ដែលផ្ដោតលើការវិនិយោគលើផលបត្រនៅក្រៅប្រទេស ខណៈក្រុមហ៊ុន Temasek ផ្ដោតការវិនិយោគក្នុងប្រទេសសិង្ហបុរី និងនៅក្នុងតំបន់។ គិតត្រឹមបច្ចុប្បន្ន GIC ត្រូវបានគេប៉ាន់ប្រមាណថា កំពុងគ្រប់គ្រងផលបត្រវិនិយោគសរុបប្រហែល ៩៣៦ពាន់លានដុល្លារអាមេរិក ពោលជាចំនួនធំជាងទំហំសេដ្ឋកិច្ចជាតិរបស់សិង្ហបុរី និងធំប្រហែលសេដ្ឋកិច្ចរបស់វៀតណាម និងថៃបូកបញ្ចូលគ្នា។ យ៉ាងណា តួលេខទ្រព្យសរុបជាក់លាក់ស្ថិតក្រោម GIC មិនត្រូវបានគេបង្ហាញជាសាធារណៈនោះឡើយ។
ក្រៅពីក្រុមហ៊ុន Nio ក៏មានក្រុមហ៊ុនចិនមួយចំនួនទៀតដែរ ដែលទទួលបានទុនពីក្រុមហ៊ុន GIC ។ ក្នុងនោះមានក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi Corp និងក្រុមហ៊ុនបណ្ដាញហាងកាហ្វេ Luckin Coffee ជាដើម។ ក្រុមហ៊ុន Luckin Coffee ក៏ធ្លាប់បានធ្វើឲ្យ GIC ខាតបង់ដែរ ក្នុងរឿងអាស្រូវបន្លំរបាយការណ៍គណនេយ្យកាលពីដើមឆ្នាំ២០២០ ដែលបានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហាងកាហ្វេចិនខាងលើដាំក្បាលចុះ។ ក៏ប៉ុន្តែ ក្រុមហ៊ុន GIC មិនបានចាត់វិធានការច្បាប់ដូចក្រុមហ៊ុន Nio ទេ៕
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0