រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជាប់សន្យាបួនខែរបស់ថៃ លោក Anutin Charnvirakul បានព្យាករណ៍ថា ប្រទេសថៃនឹងអាចខាតបង់សរុបចំនួន ១០០ ពាន់លានបាត ឬស្មើប្រមាណ ៣១០០ លានដុល្លារ ចំពោះពាណិជ្ជកម្មនាំចេញមកកម្ពុជាក្នុងឆ្នាំ ២០២៥ នេះ ខណៈប្រទេសជិតខាងទាំងពីរកំពុងមានជម្លោះព្រំដែនជាមួយគ្នា និងច្រកព្រំដែនគោកនៅបន្តបិទអស់រយៈពេលជាច្រើនខែមកហើយ។ នេះបើតាមការផ្សាយរបស់ Bloomberg ដែលបានឃើញឯកសារប្រជុំមួយរបស់មន្ត្រីរដ្ឋាភិបាលលោក Anutin។
បើយោងតាមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចថៃដដែល ដែលត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុនបានឲ្យដឹងទៀតថា គិតចាប់ពីពេលមានការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរមក ធុរកិច្ចថៃបានខាតបង់ប្រមាណ ១៥ពាន់លានបាត (៤៥៨ លានដុល្លារ) ក្នុងមួយខែ។
សូមជម្រាបថា តួរលេខខាតបង់ចំនួន ៣១០០ លានដុល្លារសម្រាប់ឆ្នាំ ២០២៥ ខាងលើ គឺជាការសន្និដ្ឋានទំហំខាតបង់ផ្លូវការលើកដំបូងហើយដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់លោក Anutin បន្ទាប់ពីលោកបានចូលកាន់តំណែងនាយករដ្ឋមន្ត្រី ជំនួសលោកស្រី Paetongtan Shinawatra មក។
លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដែលជាសមាជិកគ្រួសារសេដ្ឋីអ្នកជំនួញដ៏មានឥទ្ធិពលមួយក្នុងវិស័យសំណង់នៅប្រទេសថៃ នៅពេលនេះកំពុងព្យាយាមស្វែងរកមធ្យោបាយស្តារសេដ្ឋកិច្ចឡើងវិញ ដើម្បីប្រមូលសម្លេងគាំទ្រឲ្យបានច្រើន មុនរៀបចំការបោះឆ្នោតនៅត្រីមាសទីមួយឆ្នាំ ២០២៦ ខាងមុខ។ ក៏ប៉ុន្តែក្នុងចន្លោះរយៈពេលខ្លីនេះ គោលដៅចង់ក្លាយជានាយករដ្ឋមន្ត្រីឈ្នះសម្លេងគាំទ្រពីពលរដ្ឋថៃពិតប្រាកដសម្រាប់អាណត្តិក្រោយ លោក Anutin ត្រូវដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជា ក្រោមសម្ពាធពាណិជ្ជកម្មរបស់រដ្ឋបាលលោក Donald Trump។
រដ្ឋាភិបាលអាមេរិកកំពុងដឹកនាំដោយលោក Trump បានដាក់សម្ពាធរដ្ឋាភិបាលថៃ កាលនោះដឹកនាំដោយបក្សភឿថៃ ឲ្យយល់ព្រមបទឈប់បាញ់ជាបន្ទាន់កាលពីចុងខែកក្កដា ដោយបានគំរាមដកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងមិនព្រមបន្តចរចាពន្ធគយ។ ទោះពេលនេះ លោក Trump បានបន្ថយពន្ធមកនៅ ១៩% ហើយក៏ដោយ ប៉ុន្តែរដ្ឋាភិបាលថៃថ្មីដឹកនាំដោយបក្ស Bhumjaithai នៅតែចង់បានអត្រាពន្ធទាបជាងនេះទៀត លើទំនិញរបស់ខ្លួនដែលនាំទៅលក់នៅទីផ្សារអាមេរិក។ កាលពីថ្ងៃទី 15 ខែតុលា សប្ដាហ៍មុន លោក Anutin បានអំពាវនាវឱ្យមន្ត្រីរបស់ខ្លួនប្រុងប្រយ័ត្ន ក្នុងការពិភាក្សាជាមួយសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា ជម្លោះព្រំដែនជាមួយប្រទេសកម្ពុជាអាចប៉ះពាល់ដល់ការចរចារពន្ធរបស់ប្រទេសថៃ។
ក្នុងឆមាសទីពីរឆ្នាំនេះ ក្រុមសេដ្ឋវិទូថៃក៏បានព្រមានដែរថា សេដ្ឋកិច្ចថៃកំពុងប្រឈមកំណើនយឺត ដោយសារការថមថយការនាំចេញ និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ។ ប្រទេសនេះក៏កំពុងប្រឈមការខ្វះខាតកម្មករមានសក្តានុពលផងដែរ ព្រោះតែពលករចំណាកស្រុកខ្មែរបានវិលមកប្រទេសកម្ពុជាវិញ ស្របពេលក្រសួងការងារថៃកំពុងព្យាយាមសម្រួលឯកសារដល់ពលករបរទេស ឲ្យបន្តស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសរបស់ខ្លួន បើទោះបីជាឯកសារហួសសុពលភាព ឬគ្មានឯកសារក៏ដោយ៕
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0