នៅព្រឹកម៉ោងប្រហែល ៨:២០នាទី ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ យោធាថៃបានបើកការចាញ់ប្រហារមុន មកលើកម្ពុជានៅតំបន់ព្រំដែនភូមិសាស្ត្រខេត្តឧត្តរមានជ័យ ខណៈកងទ័ពកម្ពុជាបានបាញ់តបការពារទឹកដីរបស់ខ្លួន។
គិតត្រឹមម៉ោង១១ ថ្ងៃដដែល ការផ្ទុះអាវុធវាយប្រហារគ្នា ត្រូវបានគេរាយការណ៍ថាកំពុងរីករាលដាលដល់ខេត្តព្រះវិហារ និងស្ថិតក្នុងហានិភ័យរាលដាលទូទាំងព្រំដែននៃប្រទេសទាំងពីរ។ ប្រជាជននៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរកំពុងប្រឈមគ្រោះថ្នាក់ ស្របពេលដែលពួកគាត់ជួបប្រទះបញ្ហាសេដ្ឋកិច្ចបណ្ដាលមកពីការបិទច្រកព្រំដែនស្រាប់ទៅហើយ។
ដោយឡែកបណ្ដាញផ្សព្វផ្សាយនៅស្រុកថៃ បាន និងកំពុងព្យាយាម ផ្សាយបង្ខូចកម្ពុជា ថាជាអ្នកបើកការបាញ់ប្រហារមុន ដោយយោងទៅលើសម្ដីអ្នកនាំពាក្យក្រសួងការពារថៃ លោក Winthai Suwaree ដែលកំពុងដើរតួជាអ្នកនាំភ្លើង ជាជាងតំណែងជាអ្នកនាំពាក្យ។
គួរជ្រាបថា ក្រុមយោថៃបានព្យាយាមរករឿងបង្កើតបញ្ហាជាមួយប្រទេសកម្ពុជាអស់រយៈពេលជាច្រើនខែមកហើយ ចាប់ពីការបិទច្រកព្រំដែនដោយឯកតោភាគី រហូតដល់ចុងក្រោយនេះបានប្រើប្រាស់ឧបត្តិហេតុផ្ទុះគ្រាប់មីន ដើម្បីបង្កើតសេណារីយ៉ូឲ្យមហាជនថៃផ្ទុះកំហឹងលើប្រទេសកម្ពុជា រួចប្រើប្រាស់វាដើម្បីផ្ទុះអាវុធ។
ជម្រើសបើកសង្គ្រាមជាមួយប្រទេសជិតខាងរបស់ខ្លួន អាចជាយុទ្ធសាស្ត្រមួយរបស់ថៃ ក្នុងបំណងរំលត់ជម្លោះរវាងអ្នកនយោបាយផ្ទៃក្នុង និងបើកផ្លូវឲ្យក្រុមយោធាថៃឡើងដឹកនាំប្រទេសជំនួសគ្រួសារលោក ថាក់ស៊ីន។ វិបត្តិនយោបាយនៅប្រទេសថៃ កំពុងវឹកវរដោយសារបញ្ហាសេដ្ឋកិច្ច បញ្ហាធ្លាក់ចុះចំនួនភ្ញៀវទេចរណ៍អន្តរជាតិ ពន្ធគយរបស់សហរដ្ឋអាមេរិក និងរឿងអាម៉ាសដែលគ្រួសារនាយករដ្ឋមន្ត្រីថៃបង្កឡើង ទាំងការបោកបន្លំមហាជនជាអ្នកជម្ងឺដើម្បីគេចពីការឃុំខ្លួន និងការសន្ទនារឿងផ្ទៃក្នុងប្រទេសជាតិជាមួយមេដឹកនាំប្រទេសជិតខាង។ ប្រទេសថៃកំពុងរួមរឹតដោយបញ្ហាជាច្រើនដោយខ្លួនឯង ប៉ុន្តែពួកគេបែរជាបន្ទោស និងរករឿងប្រទេសជិតខាង ដើម្បីយកល្អនៅចំពោះមុខប្រជាជនរបស់ខ្លួនទៅវិញ៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0