ខែមិថុនា ឆ្នាំ 2026 ភ្នំពេញ – ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋអាមេរិក បានអនុម័តការផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវយ៉ាងហ្មត់ចត់អស់រយៈពេលជាងពីរឆ្នាំ រួមមានការវាយតម្លៃភាពនៃគម្រោងលើតថភាពលក្ខណៈបច្ចេកទេស ប្រតិបត្តិការ ការវាយតម្លៃហេតុ និងផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)ផងដែរ។ ស្របតាមនីតិវីធីដែលបានអនុវត្តរួចរាល់ នីតិវិធីជាបន្តបន្ទាប់ក៏នឹងត្រូវបំពេញដូចគ្នា រួមបញ្ចូលទាំងដំណើរការជូនដំណឹងរបស់សភាជាន់ខ្ពស់ផងដែរ មុននឹងហិរញ្ញប្បទាននេះ ត្រូវទទួលបានភតិសន្យា និងចូលជាស្ថាពរបាន ។
ការផ្តល់ហិរញ្ញប្បទាននេះតំណាងឱ្យការគាំទ្រយ៉ាងសំខាន់ដល់អាកាសយានដ្ឋានអន្តរជាតិតេជោ និងជាការទទួលស្គាល់ដល់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុក និងជាក្រុមហ៊ុនធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
សមិទ្ធផលដ៏សំខាន់នេះ បានកសាងឡើងដោយការចូលរួមអស់រយៈពេលជាច្រើនឆ្នាំរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) និងក្រុមហ៊ុន អូស៊ីអាយស៊ី OCIC ជាមួយស្ថាប័ននានារបស់អាមេរិក រួមទាំងស្ថានទូតអាមេរិក សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនអាមេរិកដូចជា ក្រុមហ៊ុន General Electric, OTIS, Caterpillar, Ford និង Apple។ តាមរយៈគណៈប្រតិភូធុរកិច្ច និងការសន្ទនា ក្រុមហ៊ុនមួយនេះកំពុងធ្វើការបន្ថែមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ DFC ក្នុងនាមជាដៃគូក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ កិច្ចសហការនេះគឺជាការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ឆ្ពោះទៅរកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់កំណើន និងបង្កើនការតភ្ជាប់ជាមួយតំបន់ និងពិភពលោក។»
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន DFC បានបញ្ជាក់ថា៖ «ការវិនិយោគនេះនឹងគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេសកម្ពុជា និងលើកកម្ពស់ឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយសម្រាប់ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។ កិច្ចព្រមព្រៀងនេះគូសបញ្ជាក់ពីតួនាទីរបស់ DFC ក្នុងនាមជាដៃគូដែលមានសមត្ថភាពប្រើប្រាស់ដើមទុន ជំនាញ និងនវានុវត្តន៍ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា។»
តាមរយៈការនាំយកស្ថាប័នកម្ពុជា និងសហរដ្ឋអាមេរិកមកគាំទ្រអាកាសយានដ្ឋានអន្តរជាតិតេជោ ការផ្តល់ហិរញ្ញប្បទាននេះជំរុញហេដ្ឋារចនាសម្ព័ន្ធដែលសម្រួលដល់ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសកម្ពុជា៕

Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0