កាលពីថ្ងៃទី 30 ខែតុលា កន្លងទៅ វៀតណាម និង ប្រទេសសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីពាណិជ្ជកម្មនាំចេញ-ចូលអង្ករ ក្នុងឱកាសដែលគណៈប្រភូនៃប្រទេសទាំងពីរបានទៅចូលរួមជំនួបប្រជុំ APEC នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមសេចក្ដីរាយការណ៍ដោយកាសែតសិង្ហបុរី The Business Times។
ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ប្រទេសវៀតណាមនឹងធានាដល់ការនាំចេញអង្ករក្នុងបរិមាណដែលបានព្រមព្រៀងគ្នាទៅកាន់ប្រទេសសិង្ហបុរី តាមលក្ខខណ្ឌ និងតាមការស្នើសុំរបស់សិង្ហបុរី។ ប៉ុន្តែពួកគេមិនបានឲ្យដឹង ថាតើបរិមាណផ្គត់ផ្គង់ជាក់លាក់នៃអង្ករគ្រោងនាំចេញទៅសិង្ហបុរីក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ មានចំនួនប៉ុន្មានតោននោះទេ។
គួររំលឹកថា កាលពីឆ្នាំ២០២៤ ប្រទេសវៀតណាមលក់អង្ករឲ្យសិង្ហបុរី គិតជាប្រាក់មានចំនួន ៩៤,២ លានដុល្លារអាមេរិក កើនឡើងពីប្រហែល ៧៣,៤ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣។ ក្នុងឆ្នាំ ២០២៤ ប្រទេសសិង្ហបុរីបាននាំចូលអង្ករចូលប្រទេសរបស់ខ្លួន គិតជាប្រាក់ចំនួន ៣២២ លានដុល្លារអាមេរិក ខណៈប្រទេសសមាជិកអាស៊ានមួយនេះ ពឹងផ្អែកលើការនាំចូលអាហារជាង ៩០% ពីខាងក្រៅ។ នេះបើតាមរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្មសិង្ហបុរី អ្នកស្រី Grace Fu។
កាលពីឆ្នាំមុន សិង្ហបុរីបាននាំចូលអង្ករពីប្រទេសឥណ្ឌាច្រើនជាងគេ ចំនួន ១៥៧.៦០០តោន ស្មើនឹងទឹកប្រាក់មានចំនួន ១១០,៥ លានដុល្លារអាមេរិក។ បន្ទាប់ពីប្រទេសវៀតណាម ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខបី ដោយបានលក់អង្ករឲ្យសិង្ហបុរីចំនួន ១០០.១០០តោន ស្មើនឹងប្រាក់ប្រហែល ៩៣,៦ លានដុល្លារអាមេរិក។ ប្រទេសទាំង ៣ នេះ ផ្គត់ផ្គង់អង្ករឲ្យសិង្ហបុរីស្ទើរទាំងស្រុងទៅហើយ ស្មើជិត ៩៤% នៃទំហំនាំចូលអង្ករសរុបរបស់សិង្ហបុរី កាលពីឆ្នាំ២០២៤។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រសួងនិរន្តរភាព និងបរិស្ថានរបស់ប្រទេសសិង្ហបុរី និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរខាងលើ គឺជាការចាក់គ្រឹះរឹងមាំសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអង្ករឲ្យមានស្ថិរភាព និងប្រកបដោយចីរភាព ដោយរួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀងអាហារទ្វេភាគី រួមទាំងការដករនាំងពាណិជ្ជកម្មអង្កររវាងអ្នកទិញ និងអ្នកលក់ទាំងពីរប្រទេសផងដែរ។
កត់សម្គាល់ថា ប្រទេសវៀតណាមដែលជាអ្នកទិញស្រូវពីប្រទេសកម្ពុជាទៅកិនជាអង្ករសម្រាប់នាំចេញបន្ត ក៏កំពុងរងសម្ពាធប្រជែងពីប្រទេសឥណ្ឌាដែរ ដោយសារតែប្រទេសឥណ្ឌាបានបើក និងបង្កើនការនាំចេញអង្ករទៅទីផ្សារអន្តរជាតិឡើងវិញ។ កាលពីឆ្នាំ២០២៤ វៀតណាមសម្រេចបានការនាំចេញអង្ករចំនួន ៩លានតោន ប៉ុន្តែក្នុងឆ្នាំ២០២៥នេះ ពួកគេបានទម្លាក់ផែនការនាំចេញមកត្រឹម ៧លាន៥សែនតោនប៉ុណ្ណោះ។ ដោយសារកម្ពុជាពឹងលើការនាំចេញស្រូវទៅវៀតណាម ក្នុងខណៈពេលដែលប្រទេសនេះទម្លាក់គោលដៅនាំចេញដូច្នេះ ទើបតាំងពីដើមឆ្នាំ២០២៥ នេះមកម្លេះ កសិករខ្មែរបាន និងកំពុងរងសម្ពាធស្រូវធ្លាក់ថ្លៃ។
កាលពីឆ្នាំ២០២៤ វៀតណាមសម្រេចបានការនាំចេញអង្ករដល់កំណត់ត្រាថ្មីខ្ពស់បំផុតពុំធ្លាប់មាន ចំនួន៩លាន៤ម៉ឺនតោន ស្មើនឹងប្រាក់ចំណូល ៥៧០០លានដុល្លារ រីឯប្រទេសថៃសម្រេចបានការនាំចេញអង្ករ ១០លានតោនស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដោយឡែកឥណ្ឌានាំចេញអង្ករបានចំនួន ១៧លានតោន ឈលេខមួយដដែល។
ទោះជាយ៉ាងណាក៏ដោយ ការពឹងលើទីផ្សារស្រូវវៀតណាម និងការពឹងផ្លូវដឹកជញ្ជូនឆ្លងកាត់វៀតណាមសម្រាប់ការនាំចេញអង្ករខ្មែរ នឹងត្រូវកាត់បន្ថយនៅពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ ព្រោះព្រែកជីកនេះនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនសម្រាប់ឈ្មួញ និងក្រុមហ៊ុននាំចេញ ឲ្យនៅសល់គម្លាតប្រាក់ចំណេញដែលអាចប្រើដើម្បីជ្រោមជ្រែងកសិករ និងប្រជែងតម្លៃក្នុងទីផ្សារអន្តរជាតិ៕
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0