ក្រុមហ៊ុន OR កើនប្រាក់ចំណេញ 17% ខណៈហាងកាហ្វេ Amazon លក់បាន 109លានកែវ ក្នុងត្រីមាសទី3 ឆ្នាំ2025

November 09, 2025
1Min Read
334 Views

ក្រុមហ៊ុនថៃ OR ដែលជាប្រតិបត្តិការ៉ាស់សាំង PTT និងហាងកាហ្វេ Amazon សម្រេចបានកំណើនប្រាក់ចំណេញ ១៧% ក្នុងត្រីមាសទី៣ (ខែកក្កដា-កញ្ញា) ឆ្នាំ២០២៥ នេះ បើទោះបីជាធ្លាក់ចុះប្រាក់ចំណូលពីការលក់ និងរងផលប៉ះពាល់ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុននេះនៅប្រទេសកម្ពុជាក៏ដោយ។ 

ក្រុមហ៊ុន PTT Oil and Retail Business Public Company Limited (OR) ដែលជាអាជីវកម្មបុត្រសម្ព័ន្ធមួយរបស់ PTT Group ទើបបានរាយការណ៍របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣  ឆ្នាំ២០២៥ ថាខ្លួនរកបានប្រាក់ចំណូលចំនួន ១៥៣,៦ពាន់លានបាត (៤,៧៤ពាន់លានដុល្លារ) ថយចុះ ៨,១% ធៀបនឹងត្រីមាសមុន។ ទោះបីជាធ្លាក់ចុះប្រាក់ចំណូលក្ដី ក្នុងរយៈពេលបីខែនេះ ក្រុមហ៊ុន OR សម្រេចបានកំណើនប្រាក់ចំណេញសុទ្ធ ១៧% ស្មើចំនួន ២,៦១ពាន់លានបាត (៨១លានដុល្លារ)។ ការសម្រេចបានកំណើនប្រាក់ចំណេញនេះ ដោយសារក្រុមហ៊ុនខាងលើគ្រប់គ្រងថ្លៃដើមបានមានប្រសិទ្ធភាព និងដោយសារការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ។ នេះបើតាមរបាយការណ៍ត្រូវបានដាក់ទៅកាន់គណៈកម្មការមូលបត្រថៃ។ 

ចំពោះប្រតិបត្តិហាងអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុន OR បន្តសម្រេចបានកំណើន ៩,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបើគិតការលក់របស់បណ្ដាញហាងកាហ្វេ Amazon ក្នុងរយៈពេល ៣ខែនៃត្រីមាសទី៣ ពួកគេលក់ភេសជ្ជៈបានចំនួន ១០៩ លានកែវ កើនឡើង ១១,២% ធៀបនឹងត្រីមាសមុន។ គិតត្រឹមបច្ចុប្បន្ន ក្រុមហ៊ុនខាងលើមានហាងកាហ្វេសរុបចំនួន ៤.៦១៣សាខា រាប់ទាំងនៅក្នុងប្រទេសថៃ និងប្រទេសចំនួន ១០ ផ្សេងទៀត។ ក្រៅពីហាងកាហ្វេ Amazon ក្រុមហ៊ុន OR ក៏ធ្វើប្រតិបត្តិការយីហោហាងភេសជ្ជៈមួយចំនួនទៀតដែរ រួមមានហាង Pearly Tea និងហាងកាហ្វេ Pacamara Coffee Roasters។ 

ប្រសិនបើគិតរយៈពេល៣ត្រីមាស ឬ ០៩ខែដំបូងឆ្នាំនេះ(ខែមករា-កញ្ញា) ក្រុមហ៊ុន OR រកបានប្រាក់ចំណូលចំនួន ៥០៣ ,១៩ពាន់លានបាត ស្មើប្រហែល ១៥,៥៣ពាន់លានដុល្លារ ថយចុះ ៦,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងសម្រេចបានប្រាក់ចំណេញសុទ្ធចំនួន ៩,២៣ពាន់លានបាត ស្មើ ២៨៥លានដុល្លារ កើនឡើង ៩៨% ធៀបនឹងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤។ 

ដោយឡែក បើគិតតែប្រតិបត្តិការនៅក្រៅប្រទេសរបស់ក្រុមហ៊ុន OR ក្នុងត្រីមាសទី៣ កន្លងទៅ ក្រុមហ៊ុននេះធ្លាក់ចុះប្រាក់ចំណូល ២០% និងធ្លាក់ចុះប្រាក់ចំណេញមុនបង់ពន្ធ និងការប្រាក់ (EBITDA) ៣២,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះប្រាក់ចំណូល និងប្រាក់ចំណេញសម្រាប់ប្រតិបត្តិការក្រៅប្រទេសនេះ បណ្ដាលមកពីការថមថយនៃទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីផ្ទុះជម្លោះព្រំដែន ធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មការ៉ាស់សាំង និងហាងកាហ្វេរបស់ក្រុមហ៊ុននេះនៅកម្ពុជា ក៏ប៉ុន្តែពុំមានទិន្នន័យថាតើការធ្លាក់ចុះគិតតែទីផ្សារប្រទេសកម្ពុជាមានទំហំប៉ុន្មាននោះទេ។ ទោះជាយ៉ាងណា អាជីវកម្មរបស់ក្រុមហ៊ុន OR នៅប្រទេសហ្វីលីពីន និងនៅប្រទេសឡាវ បានបង្ហាញកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ហើយបើសរុបប្រតិបត្តិការរួមទាំងនៅគ្រប់ប្រទេស ក្រុមហ៊ុននេះនៅតែសម្រេចបានកំណើនប្រាក់ចំណេញដូចបានរៀបរាប់ខាងលើ។ 

សូមជម្រាបថា ក្រុមហ៊ុន OR ជាអាជីវកម្មបុត្រសម្ព័ន្ធមួយរកស៊ីផ្នែកការ៉ាស់សាំង លក់រាយ និងហាងអាហារ របស់ PTT Pcl ឬ PTT Group ដែលជាក្រុមហ៊ុនមេមានអាជីវកម្មចំណុះជាច្រើន។ របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ របស់ក្រុមហ៊ុនមេ PTT Group អាចនឹងចេញផ្សាយនៅសប្ដាហ៍ក្រោយ៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider