ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃអង្គារម្សិលមិញ ទើបបានសម្ភោធមជ្ឈមណ្ឌលថែទាំសុខភាពលំដាប់អន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា ឈ្មោះ Royal Group Wellness Center ដែលជាបុត្រសម្ព័ន្ធថ្មីក្នុងវិស័យសុខាភិបាល របស់សាជីវកម្មក្នុងស្រុកដ៏ធំមួយខាងលើ។ មជ្ឈមណ្ឌលថែទាំសុខភាពនេះ មានទីតាំងនៅទីក្រុង អូឡាំព្យា។
កត់សម្គាល់ថា ការពង្រីកខ្លួនចូលទីផ្សារ wellness នេះ គឺស្របពេលមានកំណើនស្តង់ដាររស់នៅរបស់ប្រជាជនខ្មែរដែលមានតម្រូវការសេវាសុខុមាលភាពទំនើប ដូចនៅប្រទេសជឿនលឿនមួយចំនួនក្នុងតំបន់។ កំណើននៃការយកចិត្តទុកដាក់លើការថៃទាំសុខភាពផ្លូវចិត្ត និងអនាគតនៃកំណើនតម្រូវការក្នុងវិស័យនេះ ក៏អាចជាហេតុផលមួយដែរ។
សូមជម្រាបថា ទីផ្សារសុខុមាលភាព (Wellness) គឺជាឧស្សាហកម្មសកលដ៏ធំមួយមានតម្លៃរាប់ទ្រីលានដុល្លារ ដែលផ្តោតលើការផ្ដល់ផលិតផល និងសេវាកម្មសម្រាប់គាំទ្រដល់សុខុមាលភាពរាងកាយ ផ្លូវចិត្ត និងការរស់នៅក្នុងសង្គម។ ផលិតផល និងសេវាកម្មទាំងនោះត្រូវបានរៀបចំឡើងដើម្បីថែទាំសុខភាព សម្រស់ កាយសម្បទា អាហារូបត្ថម្ភ ស្មារតី និងការថែទាំផ្ទាល់ខ្លួនផ្សេងៗ។
ទីផ្សារ Wellness នៅតំបន់អាស៊ានត្រូវបានគេវាយតម្លៃថាមានតម្លៃរាប់រយពាន់លានដុល្លារ ប៉ុន្តែមានតែក្រុមហ៊ុនសុខាភិបាលនៅប្រទេសចំនួន ៣ ប៉ុណ្ណោះ ដែលត្រូវបានគេចាត់ទុកជាកន្លែងផ្ដល់សេវាថែទាំសុខុមាលភាពនាំមុខគេក្នុងវិស័យនេះ រួមមាននៅសិង្ហបុរី ម៉ាឡេស៊ី និងថៃ។
និយាយដោយឡែកចំពោះតែទីផ្សារ Wellness នៅប្រទេសថៃមួយ ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ៤០,៥ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៣ ជាមួយកំណើនខ្ពស់រៀងរាល់ឆ្នាំ។ បច្ចុប្បន្ន ប្រទេសថៃបានព្យាយាមផ្សាភ្ជាប់វិស័យនេះជាមួយវិស័យទេសចរណ៍ (Wellness Tourism) ដែលធ្វើឲ្យពួកគេអាចរកប្រាក់បានកាន់តែច្រើន ពោលពួកគេមិនត្រឹមតែទាក់ទាញភ្ញៀវអន្តរជាតិសម្រាប់គោលដៅដំណើរទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ជូលទាំងការសម្រាកថែទាំសុខភាពផងដែរ៕
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0