ក្រុមហ៊ុនផលិតយន្តហោះចិន COMAC ទិញយកភាគហ៊ុន ៤៩% របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិឡាវ Lao Airline

November 12, 2025
1Min Read
146 Views

ក្រុមហ៊ុនផលិតយន្តហោះរបស់រដ្ឋចិន Commercial Aircraft Corporation of China ហៅកាត់ថា COMAC ទិញយកចំណែកភាគហ៊ុនចំនួន ៤៩% ពីក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋឡាវ Lao Airlines បន្ទាប់ពីក្រុមហ៊ុនទាំងពីរបានចរចាកិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុននេះតាំងពី ២០២៤ មក។ នេះបើតាមការចុះផ្សាយដោយកាសែតឡាវ The Laotian Times។

ក្នុងដំណើរការទិញលក់នេះមិនទាន់ត្រូវបានបង្ហាញថាតើក្រុមហ៊ុនចិន COMAC នឹងត្រូវបង់ប្រាក់ចំនួនប៉ុន្មានសម្រាប់ចំណែកភាគហ៊ុន ៤៩% របស់ Lao Airlines នៅឡើយទេ ខណៈភាគហ៊ុនធំ ៥១% បន្តស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឡាវ។ 

គួររំលឹកថា ដំបូងឡើយក្រុមហ៊ុន COMAC បានដាក់សំណើរទិញយកចំណែកភាគហ៊ុនធំ ៥១% របស់ Lao Airlines ប៉ុន្តែនៅចុងបញ្ចប់ រដ្ឋាភិបាលឡាវបានសម្រេចលក់ឲ្យតែ ៤៩% ប៉ុណ្ណោះ ព្រោះតែរដ្ឋាភិបាលឡាវព្រួយបារម្ភអំពីសិទ្ធិគ្រប់គ្រងនៃក្រុមហ៊ុនបរទេស លើក្រុមហ៊ុនជាតិរបស់ខ្លួន។ 

កត់សម្គាល់ថា ចំពោះរដ្ឋាភិបាលឡាវ ការលក់ចំណែកភាគហ៊ុនភាគតូចនៃក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ខ្លួននេះ គឺធ្វើឡើងក្នុងផែនការកែទម្រង់ប្រតិបត្តិការអាជីវកម្មរបស់ Lao Airlines ឲ្យល្អប្រសើរជាងមុន។ គិតត្រឹមបច្ចុប្បន្ន ក្រុមហ៊ុន Lao Airlines មានយន្តហោះចំនួន ១៣ គ្រឿងសម្រាប់ផ្ដល់សេវាកម្មហោះហើរ ក្នុងនោះមានយន្តហោះ Airbus A320-214s ចំនួន ៤គ្រឿង យន្តហោះ ATR 72-600s និង 72-500s ចំនួន ៧គ្រឿង និងយន្តហោះចិន C919s របស់ក្រុមហ៊ុន COMAC ចំនួន ២គ្រឿង។

ទោះបីជា COMAC គ្រប់គ្រងចំណែកភាគហ៊ុនភាគតូច ៤៩% ក្ដី ប៉ុន្តែវានឹងអាចជួយឲ្យក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មរបស់រដ្ឋចិនមួយនេះ មានលទ្ធភាពកាន់តែខ្ពស់ក្នុងការពង្រីកប្រតិបត្តិការយន្តហោះរបស់ខ្លួននៅតំបន់អាស៊ាន ខណៈកាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏បានបញ្ជាទិញយន្តហោះពីក្រុមហ៊ុន COMAC ចំនួន ១០គ្រឿង ជាមួយលក្ខខណ្ឌអាចទិញបន្ថែម ១០គ្រឿងទៀតផងដែរ៕ 

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider