ក្រុមហ៊ុនថៃ PTT Oil and Retail Business ហៅកាត់ថា OR ចាត់ទុកប្រតិបត្តិការរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា គឺជាទីផ្សារដែលមានហានិភ័យខ្ពស់ បន្ទាប់ពីថយចុះចំនួនលក់ ៥០-៦០%។ ចំនួនការ៉ាស់សាំងរបស់ពួកគេនៅកម្ពុជាក៏ថយចុះដូចគ្នា ដោយសារតែភាពតានតឹងនយោបាយរវាងប្រទេសជិតខាងគ្នាទាំងពីរ។ នេះបើតាមការចុះផ្សាយដោយកាសែត The Nation។
ទោះជាយ៉ាងណា ព័ត៌មានលម្អិតនៃចំនួនប្រាក់ចំណូលជាក់លាក់ និងថាតើការថយចុះនោះគិតជាប្រាក់មានចំនួនស្មើប៉ុន្មាន គឺមិនត្រូវបានបង្ហាញនោះទេ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុន OR អាចនឹងដកខ្លួនចេញពីទីផ្សារប្រទេសកម្ពុជាទាំងស្រុង ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់។ ជាមួយគ្នានេះ ក្រុមហ៊ុនថៃខាងលើក៏ផ្អាកប្រតិបត្តិការអាជីវកម្មនៅប្រទេសវៀតណាមដែរ និងមានគម្រោងកាត់បន្ថយប្រតិបត្តិការនៅវៀតណាម ដោយសារតែគំរូអាជីវកម្មគ្មានប្រសិទ្ធភាព ការប្រកួតប្រជែងពីក្រុមហ៊ុនក្នុងស្រុកវៀតណាម និងមានខ្ទង់ចំណាយលាក់បាំង (Hidden Cost) ខ្ពស់។
ក្រុមហ៊ុន OR ប្ដេជ្ញាបង្កើនចំណែកប្រាក់ចំណូលពីប្រតិបត្តិការអាជីវកម្មមិនពាក់ព័ន្ធនឹងប្រេង (ហាងកាហ្វេ លក់រាយ…) ឲ្យកើនដល់ ១០% ខណៈបច្ចុប្បន្ន Non-Oil Business របស់ក្រុមហ៊ុននេះមានចំណែកត្រឹម ៤-៥% ប៉ុណ្ណោះនៃប្រាក់ចំណូលសរុប។ ចំពោះផែនការរយៈពេលវែង ក្រុមហ៊ុនខាងលើ គ្រោងបង្កើនចំណែកប្រាក់ចំណូលពីអាជីវកម្មមិនពាក់ព័ន្ធនឹងប្រេងឲ្យស្មើ ៣០% ហើយ ៧០% ទៀតបន្តពឹងលើអាជីវកម្មប្រេង។
គួររំលឹកថា រយៈពេល ៣ខែនៃត្រីមាសទីបីឆ្នាំ២០២៥នេះ (ខែកក្កដា-កញ្ញា) ក្រុមហ៊ុន OR សម្រេចបានកំណើនប្រាក់ចំណេញ ១៧% ស្មើ ៨១លានដុល្លារ ស្របពេលបណ្ដាញហាងកាហ្វេ Amazon របស់ក្រុមហ៊ុននេះលក់ភេសជ្ជៈបាន ១០៩លានកែវ ដែលជាកំណត់ត្រាថ្មី បើទោះបីជាប្រាក់ចំណូលថយចុះ និងរងការប៉ះពាល់ចំពោះទីផ្សារនៅកម្ពុជាក៏ដោយ។ ថ្វីបើថយចុះនៅកម្ពុជា ប៉ុន្តែប្រាក់ចំណូលរបស់ OR បានកើននៅទីផ្សារប្រទេសឡាវ និងហ្វីលីពីន។
ក្រុមហ៊ុន PTT Oil and Retail Business Public Company Limited (OR) ដែលជាអាជីវកម្មបុត្រសម្ព័ន្ធមួយរបស់ PTT Group បានរាយការណ៍របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២៥ ថាខ្លួនរកបានប្រាក់ចំណូលចំនួន ១៥៣,៦ពាន់លានបាត (៤,៧៤ពាន់លានដុល្លារ) ថយចុះ ៨,១% ធៀបនឹងត្រីមាសមុន។ ទោះបីជាធ្លាក់ចុះប្រាក់ចំណូលក្ដី ក្នុងរយៈពេលបីខែនេះ ក្រុមហ៊ុន OR សម្រេចបានកំណើនប្រាក់ចំណេញសុទ្ធ ១៧% ស្មើចំនួន ២,៦១ពាន់លានបាត (៨១លានដុល្លារ)។ ការសម្រេចបានកំណើនប្រាក់ចំណេញនេះ ដោយសារក្រុមហ៊ុនខាងលើគ្រប់គ្រងថ្លៃដើមបានមានប្រសិទ្ធភាព និងដោយសារការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ។ នេះបើតាមរបាយការណ៍ត្រូវបានដាក់ទៅកាន់គណៈកម្មការមូលបត្រថៃ៕
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0