ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ទើបបាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងពិភាក្សាជាមួយប្រទេសម្ចាស់ជំនួយសំខាន់ៗ ដើម្បីស្វែងរកហិរញ្ញវត្ថុសម្រាប់ចំណាយទិញកញ្ចប់សព្វាវុធរបស់សហរដ្ឋអាមេរិក បើទោះបីជាប្រទេសសម្ព័ន្ធមិត្តមួយចំនួនបាននិងកំពុងរារែកលើការផ្តល់ហិរញ្ញប្បទានបន្ថែមដល់អ៊ុយក្រែនក៏ដោយ។ នេះបើតាមព័ត៌មានរាយការណ៍ដោយ Bloomberg។
តាមប្រភពដដែល លោក Zelenskiy បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Kyiv កាលពីថ្ងៃចន្ទម្សិលមិញថា ការរួមចំណែកជួយពីប្រទេសនានាកន្លងមក រួមមានជំនួយពីហូឡង់ អាល្លឺម៉ង់ កាណាដា ស៊ុយអែត ដាណឺម៉ាក និងន័រវែស គឺត្រឹមអាចឱ្យអ៊ុយក្រែនទិញអាវុធខ្វះខាតមួយចំនួនប៉ុណ្ណោះពីអាមេរិក។ ប្រធានាធិបតីរូបនេះបានបន្តថា លោកកំពុងព្យាយាមនិយាយជាមួយបណ្ដាប្រទេសខាងលើ ដើម្បីឲ្យជួយខ្លួនបន្ត។
ក្នុងសង្គ្រាមជាមួយរុស្សី អ៊ុយក្រែនពុំមែនប្រើតែអាវុធរបស់អាមេរិកមួយឡើយ ពោលអាវុធមកពីប្រភពចម្រុះត្រូវបានប្រើ ប៉ុន្តែដើម្បីធានាប្រសិទ្ធភាពការពារខ្លួន និងវាយបក អ៊ុយក្រែននៅតែត្រូវការអាវុធផលិតដោយអាមេរិក។
កត់សម្គាល់ថា នៅពេលនេះអ៊ុយក្រែនកំពុងត្រូវការប្រាក់យ៉ាងខ្លាំងក្នុងចំនួនដ៏ច្រើន ដើម្បីទិញអាវុធត្រៀមទុកទប់ទល់ជាមួយរុស្សីក្នុងរដូវរងាខាងមុខ។ ប្រភពថាមពលគឺជាគន្លឹះនៃសង្គ្រាមក្នុងរដូវរងា ដូច្នេះហើយទើបប្រទេសទាំងពីរកំពុងបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមក ឲ្យបានមុនរដូវរងាចូលមកដល់។
ក៏ប៉ុន្តែដោយសារលោក Donald Trump បានបង្កកជំនួយយោធាដោយផ្ទាល់ដល់អ៊ុយក្រែនកាលពីដើមឆ្នាំ២០២៥នេះ បានធ្វើឲ្យអ៊ុយក្រែនឥឡូវនេះកំពុងជួបការលំបាកទទួលបានអាវុធយឺតយ៉ាវ។ ការបង្កកជំនួយយោធារបស់លោក Trump បានតម្រូវឲ្យអ៊ុយក្រែនទទួលបានអាវុធផលិតដោយសហរដ្ឋអាមេរិកតាមរយៈកម្មវិធីលទ្ធកម្មពិសេសមួយ ដែលមានឈ្មោះថា PURL ។ កម្មវិធីនេះអនុញ្ញាតឱ្យអ៊ុយក្រែន អាចទិញសព្វាវុធពីសហរដ្ឋអាមេរិក រួមទាំងប្រព័ន្ធប្រឆាំងមីស៊ីល Patriot ក្រោមការធានាដោយមូលនិធិនានា ដែលភាគច្រើនជាមូលនិធិផ្ដល់ឲ្យដោយប្រទេសដៃគូនៅតំបន់អឺរ៉ុប។
លោក Zelenskiy បានបង្ហោះសារលើបណ្ដាញសង្គមកាលពីសប្តាហ៍មុនថា អ៊ុយក្រែនកំពុងសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ចំពោះការទិញអាវុធថ្មីសម្រាប់កញ្ចប់ទី៥ និងទី៦ ក្រោមកម្មវិធី PURL។ មេដឹកនាំរបស់អ៊ុយក្រែនបានកំណត់គោលដៅចំណាយទិញអាវុធបន្ថែម ក្នុងមួយខែចំនួន ១ពាន់លានដុល្លារ ទើបខ្លួនអាចប្រើប្រាស់ពេញលេញដើម្បីទប់ទល់ជាមួយរុស្សី។
ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះបណ្ដាប្រទេសនៃសហភាពអឺរ៉ុបហាក់កាន់តែពិបាករកប្រាក់ជួយអ៊ុយក្រែន ត្បិតថាកន្លងមកបានជួយច្រើនមកហើយ ខណៈពួកគេក៏ត្រូវការបង្កើនការចំណាយលើវិស័យការពារជាតិ និងជំរុញសេដ្ឋកិច្ចនៅក្នុងប្រទេសរាងៗខ្លួនដូចគ្នា៕
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0