ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋនៅជិតព្រំដែន ប្រញាប់ប្ដូរលុយបាតថៃ មកជាប្រាក់រៀលខ្មែរ ឬលុយដុល្លារអាមេរិក ដើម្បីគេចពីហានិភ័យខាតបង់ធ្ងន់ធ្ងរ និងដើម្បីជួយពង្រឹងរូបិយបណ្ណជាតិ។
បន្ទាប់ពីប្រទេសថៃធ្លាប់បានគំរាមកំហែងផ្ដាច់ភ្លើងអគ្គិសនី អ៊ីនធើណិត និងប្រេងឥន្ធនៈលើប្រទេសជិតខាងរបស់ខ្លួន នៅថ្ងៃចន្ទទី ០៦តុលា ឆ្នាំ២០២៥នេះ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច បានប្រាប់ឲ្យពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋនៅជិតព្រំដែន ប្រញាប់ប្ដូរលុយបាតថៃ មកជាប្រាក់រៀលខ្មែរ ឬលុយដុល្លារអាមេរិក ដើម្បីគេចពីហានិភ័យខាតបង់ធ្ងន់ធ្ងរ និងដើម្បីជួយពង្រឹងរូបិយបណ្ណជាតិ។
កន្លងមក ពលរដ្ឋខ្មែរនៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ បានប្រើប្រាស់ប្រាក់បាតថៃយ៉ាងទូលំទូលាយ ខណៈនៅតាមទីតាំងអាជីវកម្មមួយចំនួនធ្លាប់បានកំណត់ថ្លៃទំនិញជាប្រាក់បាតថៃ និងគិតកន្ទុយនៅពេលឲ្យជាប្រាក់រៀលខ្មែរទៀតផង។ ការនិយមចាយវាយប្រាក់ប្រទេសជិតខាងនៅលើទឹកដីរបស់ខ្លួនបែបនេះ ក៏ធ្លាប់ទទួលបានការរិះគន់ជាបន្តបន្ទាប់ផងដែរ ទើបមានការកែតម្រូវមួយចំនួនឡើងវិញ។
មូលហេតុដែលប្រាក់បាតថៃមានឥទ្ធិពលលើសកម្មភាពចាយវាយរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែនដូច្នេះ គឺដោយសារច្រើនទសវត្សន៍កន្លងមក កម្ពុជាបានពឹងផ្អែកខ្លាំងលើទំនិញថៃ ដែលនាំឲ្យមានសកម្មភាពនាំចូលទំនិញយ៉ាងសន្ធឹកសន្ធាប់មកកម្ពុជា ហើយអាជីវករខ្មែរត្រូវទូទាត់ថ្លៃទំនិញទាំងនោះជាប្រាក់បាតថៃ ពោលឈ្មួញថៃមិនទទួលយកប្រាក់បរទេសដូចនៅកម្ពុជាទេ។ ការណ៍នេះជំរុញឲ្យអាជីវករខ្មែរលក់ទំនិញគិតជាប្រាក់បាត ដើម្បីងាយស្រួលយកទៅទូទាត់ថ្លៃទំនិញជាមួយឈ្មួញថៃវិញ។ ហេតុផលមួយទៀត គឺមានលំហូរសាច់ប្រាក់ច្រើនពីពលករខ្មែរទៅធ្វើការនៅថៃ ដែលបានផ្ញើប្រាក់បាតថៃមកក្រុមគ្រួសាររបស់ពួកគាត់នៅស្រុកខ្មែរ។
យ៉ាងណាមិញ គិតចាប់ពីប្រទេសថៃបានបើកការឈ្លានពានទឹកដីរបស់កម្ពុជាជាថ្មីនៅពាក់កណ្ដាលឆ្នាំ២០២៥នេះ ចំនួនពលករខ្មែរនៅប្រទេសថៃបានថយចុះ ហើយចំណែកនៃទីផ្សារទំនិញថៃនៅប្រទេសកម្ពុជាក៏ថមថយជាងមុនដែរ ដូច្នេះវាជាពេលវេលាសក្កិសមក្នុងការ ងាកមកគាំទ្រប្រាក់រៀលខ្មែរ ដែលជារូបិយបណ្ណជាតិរបស់យើងវិញ។
សូមជម្រាបដែរថា គិតចាប់ពីប្រទេសថៃសម្រេចបិទព្រំដែនគោកជាមួយប្រទេសកម្ពុជាដោយឯកតោភាគី និងបានបើកការឈ្លានពានលើកម្ពុជាក្នុងឆ្នាំ២០២៥នេះមក ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ធៀបនឹងឆ្នាំ២០២៤។ ក្នុងខែកក្កដា ដែលជាខែផ្ទុះសង្គ្រាម ការនាំចូលទំនិញថៃមកកម្ពុជាបានធ្លាក់មកនៅត្រឹម ១៦៦លានដុល្លារ រួចបានកើនមកចំនួន ២១៤លានដុល្លារក្នុងខែបន្ទាប់។ ដោយឡែកក្នុងខែកញ្ញាកន្លងទៅថ្មីៗនេះ ការនាំចូលនៃទំនិញថៃនៅបន្តមានចំនួន ២០៨លានដុល្លារ បើទោះជាមានយុទ្ធនាការពហិការមិនទិញទំនិញថៃក៏ដោយ។ នេះបើតាមទិន្នពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0