ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក OpenAI ទើបសម្រេចបានកិច្ចព្រមព្រៀងថ្មីមួយ ដែលធ្វើឡើងដើម្បីជួយឲ្យបុគ្គលិករបស់ខ្លួនអាចលក់ភាគហ៊ុនចេញក្នុងរង្វាស់តម្លៃ (Valuation) ៥០០ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះ បានធ្វើឲ្យក្រុមហ៊ុនម្ចាស់កម្មវិធី ChatGPT ខាងលើ វ៉ាដាច់ក្រុមហ៊ុន SpaceX របស់លោក Elon Musk ក្លាយជាធុរកិច្ចថ្មី(Startup) មានតម្លៃថ្លៃជាងគេ។ នេះបើតាមសេចក្ដីរាយការណ៍ដោយ Bloomberg។

គួររំលឹកថា រង្វាស់តម្លៃរបស់ OpenAI ក្នុងយុទ្ធនាការប្រមូលទុនដឹកនាំដោយក្រុមហ៊ុនជប៉ុន SoftBank កាលពីដើមឆ្នាំ២០២៥នេះ មានតម្លៃត្រឹម ៣០០ពាន់លានដុល្លារប៉ុណ្ណោះ ពោលរយៈពេលមិនដល់មួយឆ្នាំផង រង្វាស់តម្លៃរបស់ OpenAI បានកើនដល់ទៅ ២០០ពាន់លានដុល្លារ មកដល់រង្វាស់តម្លៃសរុប ៥០០ពាន់លានដុល្លារ ត្រឹមខែតុលាឆ្នាំ២០២៥ដដែល។
ក្រុមហ៊ុន OpenAI មកទល់ពេលនេះមិនទាន់សម្រេចបានប្រាក់ចំណេញនៅឡើយទេ ពោលបន្តខាតរាល់ខែ ប៉ុន្តែហេតុផលដែលជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យា AI កើនរង្វាស់តម្លៃលឿនរហ័សដូច្នេះ គឺដោយសារកាលពីពេលថ្មីៗនេះ OpenAI សម្រេចបានកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនជុំវិញពិភពលោក រួមមានកិច្ចសហការជាមួយក្រុមហ៊ុន Oracle Corp, ក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង SK Hynix និងក្រុមហ៊ុនជប៉ុន Hitachi ជាដើម។
ដោយឡែកកិច្ចព្រមព្រៀងដែលបានបើកផ្លូវឲ្យអតីតបុគ្គលិក និងបុគ្គលិកបច្ចុប្បន្នរបស់ OpenAI អាចលក់ចំណែកភាគហ៊ុនក្នុងរង្វាស់តម្លៃសរុប ៥០០ពាន់លានដុល្លារខាងលើ នឹងជួយឲ្យពួកគេទទួលបានផលប្រយោជន៍មហាសាល ពីការប្រឹងប្រែងជួយជ្រោមជ្រែងក្រុមហ៊ុន OpenAI តាំងពីដំបូងមក។ នេះមានន័យថា ប្រសិនបើបុគ្គលិកណាមួយដែលមានចំណែកភាគហ៊ុនរបស់ OpenAI ត្រឹមតែ ០,០០១% នោះពួកគេអាចលក់បានប្រាក់ចំនួន ៥លានដុល្លារ។ គូសបញ្ជាក់ថា ក្រុមហ៊ុនធុរកិច្ចថ្មីនីមួយៗតែងមានកម្មវិធីលើកទឹកចិត្តជាភាគហ៊ុន តាមលក្ខខណ្ឌបានកំណត់ ដល់បុគ្គលិករបស់ខ្លួនចាប់តាំងអំឡុងពេលចាប់ផ្ដើមដំណើរការដំបូង។
គិតត្រឹមពេលនេះ អតីតបុគ្គលិក និងបុគ្គលិកបច្ចុប្បន្នរបស់ OpenAI បានលក់ភាគហ៊ុនរបស់ពួកគេចេញ គិតជាប្រាក់សរុប ៦,៦ពាន់លានដុល្លារហើយ។ ក្រុមហ៊ុនបណ្ដាក់ទុនដែលបានប្រមូលទិញភាគហ៊ុនពីបុគ្គលិករបស់ OpenAI រួមមានក្រុមហ៊ុន Thrive Capital, ក្រុមហ៊ុន SoftBank Group, Dragoneer Investment Group, MGX និងក្រុមហ៊ុន T.Rowe Price ដែលសុទ្ធសឹងជាក្រុមហ៊ុនបណ្ដាក់ទុនធំៗគ្រប់គ្រងមូលនិធិតម្លៃរាប់រយពាន់លានដុល្លារអាមេរិក៕
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0