តុលាការក្រុងម៉ូស្គូ ប្រទេសរុស្សី ទើបបានបញ្ជាឱ្យរឹបអូសយកក្រុមហ៊ុនផលិតអាហារសម្រន់ KDV Group របស់មហាសេដ្ឋីសញ្ជាតិរុស្សី លោក Denis Shtengelov បន្ទាប់ពីក្រុមរដ្ឋអាជ្ញារុស្ស៊ីអះអាងថា ក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុននេះ បានផ្តល់ការគាំទ្រដល់អ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្សី Interfax។
ទីភ្នាក់ងាររព័ត៌មានរុស្សីដដែល បានរាយការណ៍ផងដែរថា តុលាការបានអនុម័ត សម្រេចលើការដកហូតក្រុមហ៊ុន KDV Group នេះ គឺបន្ទាប់ពីលោក Shtengelov និងឪពុករបស់គាត់ ត្រូវបានចាត់ទុកថាជាក្រុមអង្គការជ្រុលនិយម។ សូមជម្រាបថា ក្រុមហ៊ុន KDV ត្រូវបានបង្កើតឡើងដោយ Denis Shtengelov កាលពីឆ្នាំ១៩៩៤។ រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ លោក Shtengelov បានខំប្រឹងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន រហូតបច្ចុប្បន្នបានក្លាយជាក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈធំជាងគេលំដាប់ទី៤នៅប្រទេសរុស្សី ដោយមានរោងចក្រជាង ១០ និងបុគ្គលិកប្រមាណ ៣៩០០០នាក់។ ផលិត និងលក់ផលិតផលចំណីអាហាររហូតដល់ទៅ ៧០០ប្រភេទ កាលពីឆ្នាំ២០២៤ ក្រុមហ៊ុន KDV រកប្រាក់ចំណូលសរុបបានចំនួន ៣០៥ពាន់លានរូប្លែ ឬស្មើប្រហែល ៣៧៦១លានដុល្លារអាមេរិក។
ក៏ប៉ុន្តែនៅពេលនេះវាកំពុងប្រឈមត្រូវបានរឹបអូស ពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។ តាមបណ្ដាញព័ត៌មាន Bloomberg បានរាយការណ៍ថា ចំណែកភាគហ៊ុនរបស់លោក Shtengelov នៅក្នុងក្រុមហ៊ុន KDV Group មានតម្លៃយ៉ាងតិច ២៦០០លានដុល្លារអាមេរិក។
យោងតាមសារព័ត៌មាន Interfax បានឱ្យដឹងទៀតថា រដ្ឋអាជ្ញារុស្ស៊ីបានចោទថាក្រុមហ៊ុន KDV រួមទាំងលោក Shtengelov ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសអូស្ត្រាលី បានជួយផ្គត់ផ្គង់អាហារដល់កងកម្លាំងអ៊ុយក្រែន។ បន្ថែមពីនេះ លោក Nikolai ដែលត្រូវជាឪពុករបស់លោក Shtengelov ក៏ត្រូវបានគេអះអាងថា បានបង្កើតអង្គភាពយោធាមួយនៅក្នុងទឹកដីអ៊ុយក្រែន ព្រមទាំងបានចោទថា ក្រុមហ៊ុន KDV បានបញ្ជូនប្រាក់ចំណូលរកបានពីអាជីវកម្មនៅរុស្ស៊ីចេញក្រៅប្រទេសដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមមេធាវីរបស់លោក Shtengelov បាននិយាយប្រាប់អ្នកកាសែតថា ពួកគេនឹងប្តឹងឧទ្ធរណ៍លើការសម្រេចរបស់តុលាការខាងលើ។ ប្រសិនបើតុលាការនៅតែសម្រេចរឹបអូសទៀត នោះក្រុមហ៊ុន KDV នឹងក្លាយជាក្រុមហ៊ុនរដ្ឋ គ្រប់គ្រងដោយរដ្ឋាភិបាលរុស្សី៕
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0