ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ស្វែងរកអ្នកទិញអាជីវកម្មផ្គត់ផ្គង់ប្រេង Skypec របស់ខ្លួន ដោយចាប់ផ្ដើមដាក់ឲ្យដេញថ្លៃទិញយកពីបច្ចុប្បន្នទៅ

October 02, 2025
1Min Read
248 Views

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់វៀតណាម Vietnam Airlines កំពុងរៀបចំលក់អាជីវកម្មផ្គត់ផ្គង់ប្រេងសម្រាប់ចាក់យន្តហោះ Skypec របស់ខ្លួន ដោយចាប់បើកឲ្យដេញថ្លៃទិញយកជាសាធារៈ ចាប់ពីបច្ចុប្បន្នរហូតដល់ឆ្នាំ២០២៧។ នេះបើតាមសេចក្ដីថ្លែងការមួយរបស់ក្រុមហ៊ុនខាងលើ និងត្រូវបានស្រង់មកផ្សាយដោយកាសែតវៀតណាម Vnexpress។ 

ក៏ប៉ុន្តែក្រុមហ៊ុន Vietnam Airlines មិនបានបង្ហាញព័ត៌មានលម្អិត ដូចជាថាតើខ្លួនចង់លក់ Skypec ក្នុងតម្លៃចាប់ពីប៉ុន្មាននោះទេ។

សូមជម្រាបថា ក្រុមហ៊ុន Skypec គឺជាអាជីវកម្មបុត្រសម្ព័ន្ធមួយលេចធ្លោរមួយក្នុងចំណោមអាជីវកម្មស្ថិតក្រោម Vietnam Airlines។ ក្រុមហ៊ុននេះកំពុងធ្វើប្រតិបត្តិការផ្គត់ផ្គង់ប្រេងនៅក្នុងព្រលានយន្តហោះចំនួន ១៨ នៅទូទាំងប្រទេសវៀតណាម និងនៅព្រលានយន្តហោះអន្តរជាតិចំនួន ៤ ក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន Skypec កំពុងផ្គត់ផ្គង់ប្រេងដល់យន្តហោះទាំងអស់ដែលប្រតិបត្តិការហោះហើរក្នុងស្រុកវៀតណាម ខណៈក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជិត ១០០ ក្រុមហ៊ុន ក៏កំពុងទិញប្រេងរបស់ Skypec នៅពេលពួកគេចុះចតនៅតាមព្រលានយន្តហោះនៅវៀតណាមដែរ។ 

កាលពីឆ្នាំ២០២៤ ក្រុមហ៊ុន Skypec លក់ប្រេងយន្តហោះអស់ ១លាន៦សែនតោន ស្មើនឹងប្រាក់ចំណូលចំនួន ១៣៣០លានដុល្លារអាមេរិក និងសម្រេចបានប្រាក់ចំណេញមុនបង់ពន្ធចំនួន ២៦៨ពាន់លានដុង ឬស្មើ ១០លាន ១សែន ៥ម៉ឺនដុល្លារ។ 

ដោយឡែកក្រុមហ៊ុនមេ Vietnam Airlines គិតត្រឹមរយៈពេល៦ខែដំបូងឆ្នាំ២០២៥នេះ រកប្រាក់ចំណូលបានចំនួន ៥៨,៦៨ទ្រីលានដុង ស្មើប្រហែល ២២២៣លានដុល្លារអាមេរិក កើនឡើង ១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ និងសម្រេចបានប្រាក់ចំណេញមុនបង់ពន្ធចំនួន ២៥៣លានដុល្លារ៕ 

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider