ចិនកាត់ទោសគ្រួសារម៉េង ៣៩នាក់ ដែលជាម្ចាស់មជ្ឍមណ្ឌលឆបោកនៅមីយ៉ាន់ម៉ា ក្នុងនោះមាន ១១នាក់ ត្រូវបានកាត់ទោសប្រហារជីវិត

September 30, 2025
1Min Read
74 Views

ទោះបីជាមេដឹកនាំគ្រួសារដែលជាមេគំនិត បានធ្វើអត្តឃាតក្នុងពេលព័ទ្ធចាប់ខ្លួនហើយក៏ដោយ តុលាការចិនទីក្រុង Wenzhou ទើបបានកាត់ទោសគ្រួសារត្រកូល ម៉េង (Ming) ដែលជាម្ចាស់មជ្ឈមណ្ឌលឆបោកដ៏ធំនៅមីយ៉ាន់ម៉ា ដោយតុលាការបានកាត់ទោសលើសមាជិកគ្រួសារចំនួន ៣៩នាក់ ហើយក្នុងនោះមាន ១១នាក់ត្រូវបានកាត់ទោសប្រហារជីវិត។ ការកាត់ទោសលើគ្រួសារសេដ្ឋីដ៏ល្បីមួយនៅព្រំដែនចិន-មីយ៉ាន់ម៉ានេះ គឺដោយសារពួកគេពាក់ព័ន្ធនឹងអាជីវកម្មរកស៊ីខុសច្បាប់ រួមមានការបើកបនល្បែងស៊ីសង រត់ពន្ធគ្រឿងញៀន និងបើកមជ្ឈមណ្ឌលឆបោកក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន CCTV។

គួររំលឹកថា មុនពេលឈានដល់ការកាត់ទោសលើសមាជិកគ្រួសារទាំង ៣៩នាក់នៃគ្រួសារខាងលើនៅចុងខែកញ្ញា ឆ្នាំ២០២៥នេះ ដំបូងឡើយពួកគេត្រូវបានមីយ៉ាន់ម៉ាសហការបង្ក្រាបកាលពីឆ្នាំ២០២៣ ក្រោមការជំរុញពីទីក្រុងប៉េកាំង រួចមីយ៉ាន់ម៉ាបានប្រគល់ពួកគេទៅឲ្យអាជ្ញាធរចិនដើម្បីស៊ើបអង្កេតស៊ីជ្រៅ រហូតឈានដល់ការកាត់ទោសសមាជិកគ្រួសាររាប់សិបនាក់ដូច្នេះ។ 

គ្រួសារម៉េងនេះ គឺជាគ្រួសារមួយនៃគ្រួសារអ្នកជំនួញធំទាំង៤នៅទីក្រុង Laukkai ប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនចិន ដែលជាទីក្រុងល្បីល្បាញខាងមជ្ឈមណ្ឌលល្បែងស៊ីសងអនឡាញខុសច្បាប់ គ្រឿងញៀន និងមជ្ឈមណ្ឌលបោកប្រាស់។ បន្ថែមពីនេះ តុលាការក៏បានរកឃើញថាគ្រួសារ ម៉េង និងក្រុមឧក្រិដ្ឋជនផ្សេងទៀត គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់កម្មករមជ្ឈមណ្ឌលឆបោកជាច្រើននាក់ រួមទាំងការបាញ់សម្លាប់ជនរងគ្រោះជនជាតិចិនដូចគ្នា នៅពេលពួកគេព្យាយាមរត់គេចចេញពីទីតាំងបង្ខាំងមនុស្សទាំងនោះផងដែរ។

ក្នុងចំណោមសមាជិកទាំង ៣៩នាក់ មាន​សមាជិកគ្រួសារម៉េងចំនួន ១១នាក់​ត្រូវបានកាត់ទោស​ប្រហារ​ជីវិត មាន ៥នាក់​ផ្សេង​ទៀត​បាន​ទទួល​ទោស​ប្រហារ​ជីវិត​ដោយ​ព្យួរ​ទោសរយៈពេល ២ឆ្នាំ ១១នាក់ជាប់គុកអស់មួយជីវិត ហើយ​អ្នក​នៅ​សល់ចំនួន១២នាក់ទៀត ​ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈពេលពី ៥ ទៅ ២៤ ឆ្នាំ។

តុលាការចិនបានរកឃើញថា គិតចាប់ពីឆ្នាំ២០១៥ មក គ្រួសារ ម៉េង និងក្រុមឧក្រិដ្ឋជនពាក់ព័ន្ធផ្សេងទៀតបានធ្វើសកម្មភាពឧក្រិដ្ឋកម្ម រួមមានការក្លែងបន្លំតាមប្រព័ន្ធទូរគមនាគមន៍ បើកកាស៊ីណូខុសច្បាប់ ការជួញដូរគ្រឿងញៀន និងពេស្យាចារ។ តុលាការចិនបានសន្មត់ថា សកម្មភាពបើកកន្លែងលេងល្បែងស៊ីសង និងបោកប្រាស់របស់គ្រួសារត្រកូលម៉េង រកចំណូលបានជាង ១០ពាន់លានយន់ ស្មើប្រហែល ១៤០០លានដុល្លារអាមេរិក។ ប៉ុន្តែចំពោះការវាយតម្លៃក្រៅតុលាការ គេធ្លាប់បានវាយតម្លៃថា គ្រួសារនេះរកចំណូលបានច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំ ពីកាស៊ីណូនៅក្រៅប្រទេសរបស់ពួកគេ។

សូមជម្រាបថា គ្រួសារ ម៉េង ធ្លាប់ជាគ្រួសារដ៏មានអំណាចមួយនៅក្នុងរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា និងជាម្ចាស់មជ្ឈមណ្ឌលឆបោកជាច្រើនទីតាំងនៅទីក្រុង Laukkai ដែលមានកម្មកររងគ្រោះយ៉ាងតិច ១ម៉ឺននាក់។ មាន​កម្មករ​ជាច្រើនត្រូវ​បាន​គេ​វាយដំ និង​ធ្វើ​ទារុណកម្ម​ជា​ប្រចាំនៅតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់គ្រួសារម៉េង ដែលបានបង្ខិតបង្ខំឲ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ។ ប៉ុន្តែអំណាចរបស់គ្រួសារនេះបានឈានដល់ទីបញ្ចប់នៅចុងឆ្នាំ២០២៣ បន្ទាប់ពីកងទ័ពបះបោរបានបើកការវាយលុក បណ្តេញក្រុមយោធាចេញពីតំបន់ធំៗនៃរដ្ឋ Shan រួមទាំងបានដណ្ដើមកាន់កាប់ទីក្រុង Laukkai។ ភ្លាមៗរដ្ឋាភិបាលទីក្រុងប៉េកាំងដែលជាអ្នកមានឥទ្ធិពលលើទាំងក្រុមយោធា និងក្រុមទ័ពបះបោរ បានបើកភ្លើងខៀវឲ្យបង្ក្រាបលើគ្រួសារសេដ្ឋីម៉ាហ្វីយ៉ាចិនទាំងនោះ។ 

មេដឹកនាំគ្រួសារម៉េង គឺលោក Ming Xuechang ត្រូវបានគេរាយការណ៍ថា បានបាញ់សម្លាប់ខ្លួនក្នុងខែវិច្ចិការឆ្នាំ២០២៣ នៅទីក្រុង Laukkai នៅពេលដឹងខ្លួនថាមិនអាចគេចផុតពីការតាមចាប់ខ្លួន។ ប៉ុន្តែកូនប្រុស និងសមាជិកគ្រួសារផ្សេងទៀតរបស់គាត់ ត្រូវបានចាប់ខ្លួន រួចប្រគល់ឱ្យអាជ្ញាធរចិន។ យ៉ាងណា ទោះជាមេដឹកនាំគ្រួសារ លោក Ming Xuechang បានស្លាប់ទៅហើយក្ដី ក៏កូន និងចៅៗរបស់មេក្លោងមជ្ឈមណ្ឌលឆបោករូបនេះ សរុប ៣៩នាក់ នៅតែត្រូវបានកាត់ទោសប្រហារជីវិត និងឃុំខ្លួនដដែល៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider